ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវរយៈពេល២ថ្ងៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីជាមួយ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន ៧ រវាងក្រសួង ស្ថាប័នកម្ពុជា-ឡាវ។
អនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន ៧ រួមមាន៖ ១. ការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ ២. កំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ ៣. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យថាមពលថ្មី ៤. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រុមហ៊ុន PHONGSUBTHAVY GROUP SOLE CO., LTD អំពីការទិញថាមពលបៃតងពីគម្រោង “XEKHAMAN II Hydro and Wind Power Hybrid Projects” ក្នុង ប្រទេសឡាវមកប្រទេសកម្ពុជា។
ក្នុងនោះ ក៏មានអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រុម ហ៊ុនចម្រុះ XAYSANA Group, WIS និង SISAN INTERNATIONAL JOINT DEVELOPMENT SOLE., LTD អំពីការទិញថាមពលគម្រោង “Nam Emoun 1, 2 Hydro, Pump Storage and Wind Power Hybrid Projects” ក្នុងប្រទេសឡាវមកប្រទេសកម្ពុជា និង អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយអគ្គីសនីឡាវ EDL អំពីការទិញថាមពលបៃតង ពីគម្រោង “Green Energy Supply of 1000 MW Combination of Hydro, Wind and Geothermal Projects” ក្នុង ប្រទេសឡាវមកប្រទេសកម្ពុជា ព្រមទាំង អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រុម ហ៊ុន PSG CORPORATION PUBLIC COMPANY LIMITED អំពីការទិញ ថាមពលបៃតងពីគម្រោង “Xekong Pump Storage Power Project” ក្នុងប្រទេសឡាវ មកប្រទេសកម្ពុជា។
ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះអនាគតនៃមិត្តភាព កម្ពុជា-ឡាវ ដោយសម្ដេចធិបតី សង្ឃឹមថានាយករដ្ឋមន្រ្ដីឡាវ និងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលសមស្របណាមួយខាងមុខ ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរបន្ថែមទៀត៕