សង្គម

និយ័តករមូលបត្រកម្ពុជា ថា គេបានប្រមូលទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC បាន៩០%ហើយ

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានបញ្ជាក់នៅ​ក្នុងសេចក្តីប្រកាស​ព័ត៌មានរបស់ខ្លួនថា បន្ទាប់ពីមានវិធានការបន្តបន្ទាប់មកពេលនេះក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតនើរ) CIC បានប្រមូលមកវិញនូវទ្រព្យសកម្មរបស់របស់ខ្លួនបានប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ដែល ន.ម.ក. ហើយ និងកំពុងជំរុញការរៀបចំវេចខ្ចប់ឱ្យបាន ត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់។

ន.ម.ក. បានបញ្ជាក់ថា ខ្លួននឹងបន្តពិនិត្យ គ្រប់គ្រងការងាររបស់គណៈកម្មការស្តារក្រុមហ៊ុននិងមូលនិធិជាបន្ត និងឃ្លាំងមើលជាប្រចាំ ព្រមទាំងបានពិនិត្យជាស្រេចនូវគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិនៃវិស័យមូលបត្រ ដើម្បីការពារឱ្យបានជាអតិបរិមានូវផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់ទាំងអស់ ទោះបីក្នុងស្ថានភាពដែលក្រុមហ៊ុន កំពុងជួបការលំបាក។

ក្នុងករណីវិនិយោគិនណាមានចម្ងល់ពាក់ព័ន្ធនឹងករណីខាងលើរបស់ក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ អាច ទំនាក់ទំនងមកកាន់ ន.ម.ក. ដោយផ្ទាល់ នៅទីស្តីការនិយ័តករមូលបត្រកម្ពុជា ដែលស្ថិតនៅអគារអាជ្ញាធរសេវា ហិរញ្ញវត្ថុមិនមែនធនាគារ ឬតាមទូរសព្ទលេខ ០២៣ ៨៨៥ ៦១១/០៩៨ ៣០៨ ៣៣៣៕