លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៥ មីនា នេះ បានបញ្ជាក់ថា ករណីរឿងក្រុមហ៊ុន CIC ដែលមហាជនកំពុងវែកញែកនៅលើបណ្តាញសង្គមថា ជាករណីបោកប្រាស់លុយនោះ គឺពុំមែនដូចករណីរឿង ឡេង ចាន់ណា ដែលជាករណីសំណុំរឿងបោកប្រាស់នោះទេ ដោយករណីរឿងក្រុមហ៊ុន CIC គឺជាក្រុមហ៊ុនដែលមានការចុះបញ្ជីដើម្បីធ្វើការវិនិយោគ មានក្រុមប្រឹក្សាភិបាលគ្រប់គ្រងច្បាស់លាស់ និងមានស្ថាប័នសមត្ថកិច្ចត្រួតពិនិត្យកិច្ចការនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បន្តថា កន្លងមក, តាមអ្វីដែលបានដឹង គឺ ស្ថាប័នមានសមត្ថកិច្ចមានការយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំចំពោះរឿងនេះ និងបានធ្វើការជំហានៗ និងខិតខំសម្របសម្រួលរកដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់។ ដូចនេះ ជាព័ត៌មានមិនពិត ដែលថា អាជ្ញាធរមានសមត្ថិកិច្ចមិនធ្វើការងារលើករណីនេះ។
ជាមួយគ្នា លោក ជិន ម៉ាលីន បានស្នើឱ្យរង់ចាំមើលអ្វីដែលជាដំណោះស្រាយតាមផ្លូវច្បាប់ក្នុងរឿងនេះ ដោយអាជ្ញាធរ ហើយអ្នកវិនិយោគទាំងឡាយក្នុងក្រុមហ៊ុន CIC គួរខិតខំរកវិធីដោះស្រាយបញ្ហាក្នុងពេលដែលក្រុមហ៊ុនជួបវិបត្តិ ពិសេស ត្រូវបានលើកទឹកចិត្តក្នុងការរកដំណោះស្រាយមួយដែលល្អបំផុត ដើម្បីធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់អ្នកវិនិយោគក្នុងគ្រាដែលក្រុមហ៊ុនកំពុងជួបការលំបាក៕