សង្គម

មិនទាន់អស់ទេ! ថ្ងៃនេះ​កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​កូវីដ​១៩ថ្មី​ចំនួន២នាក់

ក្រសួងសុខាភិបាល​កម្ពុជា​បានប្រកាស​នៅព្រឹក​ថ្ងៃទី៥ ខែតុលា ឆ្នាំ​២០២០​នេះ​ថា គេ​បានរកឃើញ​ករណីវិជ្ជមាន​វីរុស​កូវីដ​១៩​ថ្មី ចំនួន​២ករណីបន្ថែមទៀត។

បើតាម​ក្រសួង ករណីថ្មីទាំង២ករណីនេះ គឺមានបុរសជនជាតិបារាំងម្នាក់ និង​ស្រ្តីជនជាតិឥណ្ឌាម្នាក់។

សម្រាប់បុរសជនជាតិបារាំង មានអាយុ​២៧ឆ្នាំ ស្នាក់​នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់សាលា​កំរើក ក្រុងសៀមរាប ជាអ្នក​ដំណើរ​ពី​ប្រទេស​បារាំង ដោយ​ឆ្លង​កាត់​ប្រទេស​សាំងហ្គាពួ តាមជើងហោះហើរ​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០២០។ បុរស​ជនជាតិបារាំងរូបនេះ​បាន​ស្នាក់​នៅសណ្ឋាគារ​មួយ​ក្នុង​រាជធានីភ្នំពេញ​ចំនួន២យប់​ដើម្បីរង់ចាំលទ្ធផលតេស្តលើកទី១ បន្ទាប់​មក​នៅ​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ​២០២០ គាត់បាន​ចេញ​ដំណើរពី​រាជធានីភ្នំពេញ​តាមរថយន្ត Larryta Minibus នៅ​វេលាម៉ោង ៦ និង​៣០នាទីល្ងាច ទៅកាន់​ខេត្តសៀមរាប ដោយ​រថយន្តនោះ​ជិះគ្នា​៤នាក់ គឺបុរស​ជនជាតិបារាំង អ្នកដំណើរ២នាក់ និង​អ្នក​បើកបរ ដោយ​បុរស​ជនជាតិបារាំងបានជិះ​នៅ​កៅអីខាងក្រោយគេ​បង្អស់ ព្រមទាំង​បាន​ពាក់​ម៉ាស់​ជាប់រហូត​ផងដែរ។

យ៉ាងណាក៏ដោយ ក្រសួងបានបញ្ជាក់ថា សម្រាប់អ្នកដែលប៉ះពាល់ផ្ទាល់ជាមួយ​បុរស​ជនជាតិបារាំងនោះ គេ​បានរកឃើញ​ចំនួន៣នាក់ ក្នុងនោះ​បុគ្គលិក២នាក់ និង​បុរសជាមិត្តភ័ក្ត១នាក់ ហើយ​អ្នក​ប៉ះពាល់​ប្រយោល​បានរកឃើញ​ចំនួន ១០នាក់។

សម្រាប់ស្រ្តីជនជាតិ​ឥណ្ឌា មានអាយុ ៣៤ឆ្នាំ ស្នាក់​នៅ​សណ្ឋាគារមួយ​ក្នុង​រាជធានីភ្នំពេញ ជាអ្នក​ធ្វើដំណើរ​ពីប្រទេស​ឥណ្ឌា តាមជើងហោះហើរ​មក​ដល់​កម្ពុជា​នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០២០ ក្រោយ​ពីធ្វើ​តេស្តលើកទី១ អវិជ្ជមានកូវីដ១៩ គាត់បាន​បន្ត​ធ្វើ​ចត្តាឡីស័កចំនួន ១៤ថ្ងៃនៅ​ក្នុង​សណ្ឋាគារ​ខាងលើនេះ ហើយ​កូន​គាត់២នាក់ក៏​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​បន្ទប់ដាច់ដោយ​ឡែក​ ហើយ​ថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់ គឺត្រូវ​នឹង​ថ្ងៃទី៣ ខែតុលា ឆ្នាំ​២០២០ ការធ្វើតេស្តបានបង្ហាញថា គាត់មានវីរុស​កូវីដ​១៩ ហើយ​ត្រូវ​បានដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត៕