សង្គម

សម្តេចធិបតី៖ រាជរដ្ឋាភិបាលនឹងខិតខំពង្រីកប្រព័ន្ធទឹកស្អាតគ្រប់ដណ្តប់ពេញផ្ទៃប្រទេសនៅឆ្នាំ២០៣០

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលអណិត្តទី៧នេះគឺខិតខំពង្រីកសេវាប្រើប្រាស់ទឹកស្អាតគ្រប់ដណ្តប់ពេញផ្ទៃប្រទេស១០០ភាគរយនៅឆ្នាំ២០៣០។

ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតីបានលើកឡើងថា៖« ពិតណាស់យើងមិនទាន់អាចផលិតរោងផលិតទឹកស្អាតបានទាំងអស់នោះទេ ប៉ុន្តែការជីកស្រះ ការបុកអណ្តូងក៏បានជួយឱ្យពលរដ្ឋមានទឹកស្អាតប្រើប្រាស់»។

សម្តេចធិបតី បញ្ជាក់ថា ទោះបីនៅតាមតំបន់មួយចំនួនមិនទាន់មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ តែពួកគេក៏មានអណ្តូង និងស្រះ ដែលអាចសម្រួលដល់ការរស់នៅរបស់ពលរដ្ឋផងដែរ។

បើតាមសម្តេចធិបតី បច្ចុប្បន្នបរិមាណទឹកស្អាតគ្របដណ្តប់ពេញផ្ទៃប្រទេសបាន៨៥ភាគរយ ពោលនឹងបន្តឱ្យសម្រេចបាន១០០ភាគរយនៅឆ្នាំ២០៣០ ដើម្បីនាំទឹកស្អាតចូលដល់គ្រប់ភូមិ គ្រប់ឃុំ មានទឹកស្អាតប្រើប្រាស់៕