សង្គម

ក្រុមមន្ត្រីបរិស្ថានកំពុងព្យាយាមលាក់បាំងមហន្តរាយនៃការកាប់បំផ្លាញព្រៃឈើនៅវាលម្រេចក្នុងដែនជម្រកសីមា

ខេត្តមណ្ឌលគិរី÷ សកម្មភាព នៃការកាប់បំផ្លាញព្រៃឈើនៅតំបន់អភិរក្សកែវសីមាកំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ដោយសារ តែពួកឈ្មួញឃុបឃិត ជាមួយមន្ត្រីបរិស្ថានថ្នាក់ក្រោម។ រីឯប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឆៅ ប៊ុនធឿន កំពុងជាប់ដៃសង់ផ្ទះ និងកំពុងរៀបចំផ្ទះសម្បែង ដើម្បីទទួលលោករដ្ឋមន្ត្រីក្រសួងបរិស្ថានដែលឮថា នឹងទៅបំពេញការងារនៅខេត្តមណ្ឌលគិរីសប្តាហ៍ក្រោយ។

បច្ចុប្បន្ននេះលោកប្រធានមន្ទីរ ឆៅ ប៊ុនធឿន កំពុងចាត់ វិធានការឲ្យអាម៉ីអាថោង បង្ក្រាបឲ្យមានប្រសិទ្ធភាពចំពោះការកាប់រានដីព្រៃ ស្របពេលដែលមានសេចក្តីរាយការណ៍ថា សកម្មភាពកាប់ឈើ នៅតំបន់អភិរក្សកំពុងកើតឡើងយ៉ាងសកម្ម ក្នុងដែនជម្រកសត្វព្រៃកែវ សីមា ដែលជម្រុញឲ្យក្រុមអ្នកកាសែតខ្លះ វេចចានវេចឆ្នាំងទៅតាមថតយករូបភាពថែមទៀតផង។ ប៉ុន្តែយ៉ាង ណាក៏ដោយ អ្នកកាសែតមិនបានចូលទៅដល់ជ្រោះជ្រៅនៃតំបន់វាលម្រេច ដែលស្ថិតនៅចន្លោះស្នាក់ការអូរាំងនិងស្នាក់ការរងអូប៉ាមនោះទេ ។ មន្ត្រីឧទ្យានុរក្សនិងប្រធាន,អនុប្រធានស្នាក់ការអូររាំងនិងអូរប៉ាមជាអ្នកបិទភ្នែកឲ្យមានបទល្មើស នៃការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អភិរក្សនេះ។

សេចក្តីរាយការណ៍ឲ្យដឹងថា លោកកេត ចន្ថា ប្រធានស្នាក់ការអូរាំង ដែលជាជនដៃស្ដាំរបស់លោកនាយកដែនជម្រកសត្វព្រៃកែវសីមា អមដោយអនុប្រធានស្នាក់ការអូរាំង លោកប្លុង ចាន់ឌឿន ឃុបឃិតឱ្យមានបទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់វាលម្រេច នៃដែនជម្រក សត្វព្រៃកែវសីមាយ៉ាងមហន្តរាយ រយៈពេល១ខែនេះ។ នៅជិតនោះគឺស្នាក់ការរងអូប៉ាមដែលគាំពារដោយលោកប្រធាន សយ សំណាង ជាមនុស្សធ្លាប់មានរឿងអាស្រូវបាញ់ប្រជាពលរដ្ឋកាលនៅជាមេស្នាក់ការចំបក់។ ពួកអស់លោកទាំងនេះត្រូវគេខ្សឹបថា ជាអ្នកស៊ីលើ,ស៊ីក្រោមឃុបឃិតជាមួយឈ្មួញ ដែលសូម្បីតែប្រធានមន្ទីរលោកឆៅ ប៊ុនធឿន ក៏មិនដឹងអំពីបទល្មើសកាប់ឈើ នៅតំបន់វាលម្រេចនេះផង។ លោក ឆៅ ប៊ុនធឿន បើសឿង គួរតែបញ្ជាឲ្យលោកប្លុងចាន់ឌឿន នាំខ្លួនទៅមើលតំបន់វាលម្រេចនោះម្ដងទៅទើបដឹងថា កូនចៅក្រោមបង្គាប់ ស៊ីលើខ្លួនយ៉ាងណាខ្លះ។

នៅទីនោះគេរាយការណ៍ថា ជាជ្រោះជ្រៅដែលមាននៅសេសសល់ប្រភេទឈើប្រណិតច្រើនគួរសម។ យ៉ាង ហោចណាស់គ្រឿងចក្រ២គ្រឿង សម្រាប់បម្រើឲ្យការលើក,ជញ្ជូនឈើ ដែលត្រូវឆ្លងកាត់ផ្លូវលំបាក ជ្រោះជ្រៅកំពុងបង្កប់នៅក្នុងតំបន់វាលម្រេច។ នៅទីនោះគឺមានមន្ត្រីបរិស្ថាននៃស្នាក់ការអូរាំងលោកប្លុង ចាន់ឌឿន ត្រូវគេខ្សឹបថា ជាអ្នកដែលជិតដិតជាមួយឈ្មួញរកស៊ីដឹក ជញ្ជូនឈើដ៏ល្បីឈ្មោះម្នាក់រស់នៅក្នុងតំបន់ទីប្រជុំជនកែវសីមា។ ទិដ្ឋភាពបែបនេះគឺជាមហន្តរាយដ៏ធំនៅក្នុងឆ្នាំ២០២៤ នៃដែនជម្រកសត្វព្រៃកែវសីមា ។

ឈ្មួញរកស៊ីឈើប្រើគ្រប់វិធី ដើម្បីយកឈើចេញពីតំបន់ជ្រោះជ្រៅវាលម្រេច។ អាម៉ីអាថោង នៃមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីបានខ្សឹបថារឿងនៅតំបន់វាលម្រេចថិតក្រោមការទទួលខុសត្រូវរបស់លោកនាយកដែនជម្រកសត្វព្រៃកែវសីមា និងអ្នកប្រតិបត្តិការផ្ទាល់ជាមួយឈ្មួញម្នាក់ គឺលោកកេតចន្ថា ប្រធានស្នាក់ការអូរាំង អមដោយអនុ ប្រធានលោកប្លុង ចាន់ឌឿន ។ លោកកេត ចន្ថា ត្រូវគេប្រាប់ថាជាមនុស្សរបស់លោកនាយកដែនជម្រកសត្វព្រៃកែវសីមា។ លោកប្លុង ចាន់ឌឿន ជាមនុស្សដែលមានសមត្ថភាពធ្វើការងារកាន់កុំព្យូទ័រ ដូច្នេះជាអ្នកធ្វើរបាយ ការណ៍បោកប្រាស់ជូនប្រធានមន្ទីរ។ សរុបទៅរឿងនៅតំបន់វាលម្រេចលោកឆៅ ប៊ុនធឿន មិនដឹងទេ។

ទោះយ៉ាងណាក៏ដោយ ការមិនដឹងគ្រប់ពេលវេលារបស់លោកឆៅ ប៊ុនធឿន ធ្វើឲ្យពួកមន្ត្រីក្រោមបង្គាប់ជិះសេះ លែងដៃ ក្នុងផលប្រយោជន៍ដែលបានបន្តិចបន្តួចឲ្យទៅលោកប្រធានមន្ទីរ។ ប៉ុន្តែលោកប្រធានមន្ទីរបានសម្រេចកិច្ចការដ៏ធំមួយគឺសង់លំនៅឋានរួចរាល់អស់ហើយ បើទោះបីជាលោកបានទទួលលាភសក្ការៈតិចតួច ជាងពួកមន្ត្រីក្រោមបង្គាប់ក៏ដោយ។ លោកឆៅ ប៊ុនធឿនសូម្បីតែជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថានឋានៈជារដ្ឋលេខាធិការក៏លោកនៅតែឆ្លើយភាសា១ម៉ាត់ថា “បាទមិនដឹង, មិន បានដឹង,អត់ដឹង”ទេ ឯកឧត្តម !។ បើ មិនដឹង គ្រប់ពេលយ៉ាងដូច្នេះ តើក្រសួងបរិស្ថាន គួរទុកគាត់ឲ្យនៅធ្វើការ ដើម្បីតែ “មិនដឹង”រហូតទៅឬយ៉ាងណា?៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732/061881299