សង្គម

សំណង់ផ្ទះគ្រួសារវៀតណាមនៅឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពិតជាកំពង់សាងសង់ដោយគ្មានច្បាប់

ខេត្តកំពង់ឆ្នាំង៖ សំណង់រឹងមួយកន្លែងស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានម្ចាស់ផ្ទះឈ្មោះ ប៊ុយ យ៉ាំងប៊ែរ ជាជនជាតិវៀតណាម កំពុងដំណើរការសាងសង់បានប្រមាណជា៧០ភាគរយនោះ ពិតជាមិន មានច្បាប់ស្នើសុំពិតមែន។ នេះបើយោងតាមការបញ្ជាក់ពីលោកផុន សីហា អភិបាលរងស្រុករលាប្អៀរ។ លោកថា៖ ក្រោយពីទទួលបានណែនាំពីលោកអភិបាលស្រុក ក្រុមការងារស្រុក បានចុះសហការជាមួយអាជ្ញាធរមូល ដ្ឋានបានពិនិត្យ និងជួបម្ចាស់សំណង់ជាក់ស្តែង ។

លោក នូ ខៀន មេឃុំស្រែថ្មី បញ្ជាក់ឲ្យដឹងថាកន្លងមកជាយូរឆ្នាំ ទីតាំងខាងលើនេះជាផ្ទះចាស់សាងសង់ពុំមានច្បាប់ទំលាប់អីទេ ព្រោះដីនោះលោកប៊ែរ បានទិញពីខ្មោចពូយឿន មេភូមិចាស់ ក្រោយមកឃើញមានការកែប្រែសាងសង់សំណង់ចេញរូបរាងជាផ្ទះថ្មី ប៉ុន្តែម្ចាស់សំណង់ខាងលើមិនបានជម្រាបមកអាជ្ញាធរឃុំឲ្យបានដឹង ពាក់ព័ន្ធក្នុងការសាងសង់នេះទេ។ ប្រហែលជាគេទាក់ទងទៅខាងស្រុក។

បុរសឈ្មោះ តាំ ជាកូនប្រុសរបស់ម្ចាស់ផ្ទះឈ្មោះ ប៊ុយ យ៉ាំងប៊ែរ ក៏បានឲ្យដឹងតាមទូរស័ព្ទដែរថា៖ ផ្ទះនេះជាផ្ទះចាស់មានអាយុកាលជាង១០ឆ្នាំហើយ គ្រាន់តែកែប្រែធ្វើ តាមលំនាំផ្ទះចាស់ ដោយសារដំបូលឈើមានការពុកផុយ និងប្តូរដាក់ដែកវិញ ហើយលោកបានជម្រាបទៅអាជ្ញាធរឃុំរួចហើយដែរ។ លោកតាំបានបន្តថា រូបលោកខាននៅផ្ទះនេះជាង១ឆ្នាំហើយ ពាក់ព័ន្ធរឿងច្បាប់ទម្លាប់អី លោកមិនបានដឹងនោះទេ ចង់ដឹងសូមសួរទៅ ខាងមន្ទីរពាក់ព័ន្ធចុះ។

សាធារណៈជនដែលតែងតែឆ្លងកាត់ផ្ទះខាងលើនេះនិងដឹងប្រវត្ត ភ្ញាក់ផ្អើល ថាកន្លងមកឃើញជាផ្ទះឈើ មានរូបរាងជាឃ្លាំងទេ ខកខានឃើញមួយរយៈប្រែក្លាយជាសំណង់រឹងផ្ទះថ្មទៅវិញ។ ពាក់ព័ន្ធករណីនេះពុំអាចសុំការបំភ្លឺពីលោកលី សុភា ប្រធានមន្ទីរ សុរិយោដីខេត្តកំពង់ឆ្នាំងបានទេ ដោយលោកប្រាប់ថារវល់ជាប់ប្រជុំហើយក៏បិទទូរស័ព្ទ ។

នេះជាការបញ្ជាក់ពីអាជ្ញាធរស្រុក ដោយឡែកមហាជននៅតែមានការងឿងឆ្ងល់ និងចោទជាសំនួរថា តើទង្វើសាងសង់មុន ទើបស្នើសុំច្បាប់អនុញ្ញាតតាមក្រោយ សមស្របតាមបែបបទ និងនិតិវិធី នៃការត្រួតពិនិត្យអនុលោម តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ បញ្ជាក់និងអនុញ្ញាតិផ្តល់ដោយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ដែរឬយ៉ាងណា?។ បើដូចជាករណីខាងលើនេះ នោះហាក់ដូចជាបង្ហាញច្បាស់ៗពីភាពធូរ រលុងនិងឆកល្វែងពីសំណាក់អាជ្ញាធរពាក់ព័ន្ធស្រុកនិង ស្ថាប័នជំនាញថ្នាក់ខេត្ត ប្រាកដជាកើតមានឡើងហើយសំណង់បែបនេះកំពុងកើតមាន យ៉ាងច្រើនក្នុងខេត្តកំពង់ឆ្នាំងជាក់ជាមិនខាន៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299