សង្គម

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រមាណ៣០០នាក់ ចាប់ផ្តើមចេញបេសសកម្ម ជួយអន្តរាគមន៍ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញបទបញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជាមធ្យោបាយ គ្រឿងចក្រ និងកម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថ ប្រមាណ៣០០នាក់ ចុះជួយគាំទ្រដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដើម្បីបើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់។

គោលដៅទីតាំងភូមិសាស្ត្រដែលត្រូវប្រតិបត្តិការជាអាទិភាពមាន ០៤ឃុំ និង ១៤ចំណុចធំៗ ក្នុងនោះ ទី១.នៅឃុំថ្មដា (ចំណុចខ្នង ១៦ ភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង)។ ទី២.នៅឃុំអន្លង់រាប(ចំណុចជើងភ្នំ១៥០០ និងចំណុច៨០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង (ចំណុចជើងភ្នំក្រឡឹង និងជួរភ្នំ) ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង (ចំណុចជើងភ្នំខ្មោច) ភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង (ចំណុចដីសហគមន៍ក្រាំងរងៀង) ឃុំអន្លង់រាប (ចំណុចអូរ១ អូរ២ ចំណុចក្បាលស្ទឹងទួលល្ងៀង ភូមិអូរដីខ្មៅ ឃុំអន្លង់រាប។ ទី៣.នៅឃុំក្រពើពីរ (ចំណុចច្រកចង្អៀត ភូមិក្រពើពីរលើ) ឃុំក្រពើពីរ ព្រំប្រទល់ស្រុកវាលវែង និងស្រុកសំឡូត ខេត្តបាត់ដំបង (ចំណុចជើងភ្នំប្រើសដល់ទឹកធ្លាក់ថ្មចាំង) ភូមិក្រពើពីរលើ ឃុំក្រពើពីរ (ចំណុចភ្នំតាងិល នៅចំណុចប្រសព្វរវាងភូមិអូរតាទិន) ភូមិសំឡាញ និងភូមិកុំប៉ង ឃុំក្រពើពីរ/ចំណុចស្រែយក្ស ភូមិកុំប៉ង ឃុំក្រពើពីរ (ចំណុចខ្នងភ្នំព្រះអាទិត្យ) ភូមិបឹងរំលេច ឃុំក្រពើពីរ ព្រំប្រទល់ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ និងទី៤.នៅឃុំប្រម៉ោយ (ចំណុចអូរទី២ ចំណុចជើងភ្នំសុគន្ធ ចំណុចអូរតាសូ ចំណុចអូរក្បាលខ្ទីង និងចំណុចអូរបេង ឃុំប្រម៉ោយ (ជាចំណុចប្រសព្វ៤ភូមិ : ភូមិស្ទឹងថ្មី ភូមិមន្ទីរពេទ្យចាស់ ភូមិផ្ចឹកជ្រុំ និងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ)/ចំណុចខាងមុខ និងខាងក្រោយភ្នំលោកតាគ្រី ភូមិដូននាគ ឃុំប្រម៉ោយ/ចំណុចម៉ុងរី ភូមិដូងឃ្លៀង ឃុំប្រម៉ោយ ព្រំប្រទល់ជាមួយស្រុកភ្នំក្រវ៉ាញ។

បេសកកម្មនេះមានរយ:ពេលមួយខែ និងបន្តដូចភ្លៀងរលឹមនៅក្នុងគោលបំណង ដើម្បីពង្រឹងប្រសិទ្ធិភាពការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ សំដៅធានាឲ្យបាននូវនិរន្តរភាពប្រព័ន្ធអេកូឡូសុី ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិឲ្យបានសមស្រប។ និងដើម្បីទប់ស្កាត់ និងធ្វើការបង្ក្រាបឲ្យមានប្រសិទ្ធភាពនូវបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តពោធិសាត់ ជាពិសេសស្រុកវាលវែង។

ទន្ទឹមនឹងនោះកម្លាំងជំនាញកងរាជអាវុធហត្ថ នឹងធ្វើការអង្កេត ស្រាវជ្រាវរកជនដែលប្រព្រឹត្តិបទល្មើស និងជនដែលមានការពាក់ព័ន្ធនឹងសកម្មភាពកាប់រានទន្ទ្រាន និងកាន់កាប់ដីរបស់រដ្ឋ ដើម្បីចាប់ខ្លួនជនសង្ស័យ និងប្រមូលផ្តុំរាល់វត្ថុតាង ដែលទាក់ទងជាមួយបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ និងដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការស្របតាមនីតិវិធីនៃច្បាប់ដែលចូលជាធរមាន នៅក្នុងប្រទេសកម្ពុជា៕