ខេត្តកែប ៖ សកម្មភាពវាតទីចាក់ដីចូលសមុទ្រខេត្តកែប កំពុងទាក់ ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅ ដែលទៅកំសាន្តនៅតំបន់មាត់សមុទ្រមួយនេះ។ ទាំងថ្នាក់ដឹក នាំខេត្ត ក៏ដូចជាស្ថាប័នជំនាញសុទ្ធតែអះអាងដូចគ្នាថា សកម្មភាពដែលប្រជាពលរដ្ឋមើលឃើញទើសភ្នែកនោះ គឺមានច្បាប់ទម្លាប់ត្រឹមត្រូវចេញដោយក្រសួងជំនាញ។ ដូច្នេះដំណើរការចាក់ដីលុបសមុទ្រនៅខេត្តកែបនោះ គ្មានអ្វីរារាំងជាឧបសគ្គទេ។ សកម្មភាពកំពុងដំណើរការយ៉ាងរលូនជារៀងរាល់ថ្ងៃ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ដំណើរការចាក់ដីបានចូលចំងាយជិត២០ម៉ែត្រពីដីគោករួចហើយ។ បើតាមគម្រោងគេនៅចាក់ចូល ផ្ទៃសមុទ្រចម្ងាយប្រហែល ៨០ម៉ែត្រថែមទៀត។ នៅក្នុងទិដ្ឋភាពជាក់ស្ដែងបច្ចុប្បន្ននេះគេមើលទៅរាងដូចជារង្វង់ស្នែងក្របី ដែលចាក់ចូលពីសងខាង រួចហើយទើបចាក់ចំណុចកណ្ដាលចូលទៅសមុទ្រតែម្ដង។ យ៉ាងណាក៏ដោយគេមិនទាន់ដឹងថា តើគម្រោងចាក់ដីចូលសមុទ្រនេះនឹងសាងសង់អ្វីនៅឡើយដែលប្រភពនានាលាក់លៀម សូម្បីតែម្ចាស់ទីតាំងនៃការចាក់ដីនោះក៏មិនប្រាប់ផង។ យ៉ាងណាក៏ដោយ ពលរដ្ឋនៅតំបន់នោះបាទខ្សឹបខ្សៀវថា អ្នកចាក់ដីនេះមិនមែនមានអំណាចតូចតាចទេ បើប្រជាពលរដ្ឋធម្មតា គឺពិតជាមិនអាចធ្វើបានឡើយ។
អភិបាលខេត្តកែបលោកសោម ពិសិដ្ឋ បានប្រាប់អ្នក កាសែតថា នៅខេត្តកែប គេមិនអាចធ្វើអ្វីបានតាមអំពើ ចិត្តនោះឡើយ។ លោកសង្កត់ធ្ងន់ថា បើគ្មានច្បាប់គឺមិនអាចចាប់ដីបែបនេះបានទេ។ ស្របពេលនោះដែរលោកប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ក៏បានបញ្ជាក់ដែរថា ការចាក់ដីលុបសមុទ្រនេះគឺមានច្បាប់ទម្លាប់ត្រឹមត្រូវចេញពីក្រសួងជំនាញ។
យ៉ាងណាក៏ដោយមានការរិះគន់ពីមហាជន ចំពោះទង្វើនៃការចាក់ដីលុបសមុទ្រនេះ ពីព្រោះថា បើសិនជាមាន ច្បាប់លុបសមុទ្របែបនេះ ថ្ងៃក្រោយនឹងមានអ្នកផ្សេង ទៀតធ្វើយ៉ាងដូច្នេះដែរ។ ដូច្នេះវានឹងក្លាយទៅជាអំណាធិបតេយ្យនៅដែនសមុទ្រមិនខានឡើយ។ មានសំណួរជាច្រើនបានលើកឡើងថា តើច្បាប់អនុញ្ញាតយ៉ាងដូច ម្ដេចនិងផលប្រយោជន៍បែបណា ចំពោះការចាក់ដីលុបសមុទ្រនៅខេត្តកែបនាពេលនេះ។ យ៉ាងណាក៏ដោយដំណើរការនូវការចាក់ដីលុបសមុទ្រនេះ មិនមានអ្វីជាឧបសគ្គទេ។ នេះបើតាមការលើកឡើងរបស់អភិបាល ខេត្តកែប ក៏ដូចជាប្រធានមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732 / 061881299