អ្នកនាំពាក្យអយយការអមសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងកាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ថា សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។
ការឃាត់ខ្លួននេះ អ្នកនាំពាក្យបញ្ជាក់ថា គឺផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្តឹងមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធបទល្មើស ឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់។
បើតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ជនសង្ស័យ និងបក្ខពួក នឹងត្រូវបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។
សូមជម្រាបជូនថា លោកស្រី ឡេង ចាន់ណា និងបក្ខពួកត្រូវបានប្រជាពលរដ្ឋចោទថា បានបោកលុយរាប់រយលានដុល្លារក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់ តែទីបំផុតអ្នកខ្លះបានការស៊ីតែប៉ុន្មានខែ ក៏លែងបានរហូត។ ប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានចាញ់បោកលោកស្រីដោយខ្លះខ្ចីលុយពីធនាគារ ដើម្បីមកនិវិយោគជាមួយ ដែលរហូតពេលនេះត្រូវសងធនាគារវិញយ៉ាងលំបាក។
ជុំវិញករណីឆបោកនេះ ប្រជាពលរដ្ឋរងគ្រោះបានធ្វើការតវ៉ាជាច្រើនខែមកហើយ នៅទំបំផុត កម្លាំងនគរបាលខេត្តសៀមរាប បានអនុវត្តដីការបស់តំណាងអយ្យការ ក៏សម្រេចធ្វើការឃាត់ខ្លួនលោកស្រី និងបក្ខពួកនៅពេលរសៀលនេះតែម្តង៕