បន្ទាប់ពីផ្អើលមួយឈុតធំនៅឯខេត្តកំពង់ស្ពឺ អំពីលោកផល ផាន់នី អគ្គនាយកគេហទំព័រដំណឹងសង្គម ដើរដាក់កុងត្រូលទៅជជុះជម្រិតទារប្រាក់ ពីប្រជាពលរដ្ឋរកស៊ីដឹកកសិផល,អនុផលព្រៃឈើបន្តិចបន្តួច ឥឡូវ នេះក្រុមលោកផល ផាន់នីនិងអាម៉ីអាថោង កំពុងធ្វើព្យុះភ្លៀងនៅតាមដងផ្លូវលេខ៧៦ ក្នុងស្រុកកែវសីមា និងស្រុកអូរាំងខេត្តមណ្ឌលគិរីវិញម្ដង។ ករណីនេះបានធ្វើឲ្យអាប់មុខខូច កិត្តិយសដល់អ្នកសារព័ត៌មានផ្សេង ទៀត ដែលប្រកបដោយវិជ្ជាជីវៈ។
បើតាមសេចក្តីរាយការណ៍ពីខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមលោកផល ផាន់នី បានជួលទីតាំងមួយកន្លែងធ្វើជាស្នាក់ការដើម្បីចេញប្រតិបត្តិការ ដេញតាមរថយន្តដែលសង្ស័យដឹកបទល្មើសដើម្បីជម្រិតទារប្រាក់។ ពួកគេភាគ ច្រើនជាអគ្គនាយក ឬនិពន្ធនាយក នៃគេហទំព័រ ដែលប្រើប្រាស់កម្លាំងតាម ប្រដេញរថយន្តដែលសង្ស័យថា ដឹកបទល្មើសឬក៏មានដឹកឈើជាដើម។ ពួកគេប្រើប្រាស់ ម៉ូតូឬរថយន្តចាំតាមដេញ ក្រុមរថយន្តឈ្នួល ឬរថយន្តដែលពួកគេសង្ស័យថាដឹកបទល្មើស។ ទង្វើបែបនេះតែងបានកើតជារឿយៗនៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់និងស្រុកថ្ពងខេត្តកំពង់ស្ពឺ។ ឥឡូវត្រូវប្រជាពលរដ្ឋរាយ ការណ៍ថា ពួកដដែលនេះ បានទៅដល់ខេត្តមណ្ឌលគិរីហើយ។
បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈខ្លីនៅឯខេត្តកំពង់ស្ពឺ ថ្មីៗនេះមានសេចក្តីរាយការណ៍ចេញពីខេត្តមណ្ឌលគិរី វិញម្ដង។ បើតាមប្រជាពលរដ្ឋជាអ្នកធ្វើដំណើរទេសចរ ចេញពីខេត្តមណ្ឌលគិរី ត្រឡប់មករាជធានីភ្នំពេញវិញ បានឲ្យដឹងថា ពួកក្រុមលោកផល ផាន់នី បានប្រើប្រាស់រថយន្ត ដើម្បីប្រដេញរថយន្តប្រជាពលរដ្ឋ ដែលដាក់គ្នាច្រើន មើលទៅរាងដាបរថយន្ត ដោយពួកគេសង្ស័យថា រថយន្តដឹកបទល្មើស ឬទំនងជារថយន្តដឹកឈើ។ ដូចទៅនឹងអ្វីដែលគេបានឃើញនៅឯខេត្តកំពង់ស្ពឺនោះ ក្រុមលោកផល ផាន់នី មានរថយន្តផង,ម៉ូតូផង តាមឃាត់រថយន្តទាំងឡាយណាដែលពួកគេសង្ស័យ ហើយបន្ទាប់មកបើគ្មានបទល្មើស ទើបអនុញ្ញាតឲ្យទៅមុខ។
ក្រៅពីការឃាត់ដោយផ្ទាល់ ចំពោះរថយន្តឯកជនរបស់អ្នកធ្វើដំណើរលើផ្លូវជាតិនោះ ក៏មានការទូរសព្ទគំរាម ទារប្រាក់ពីប្រជាពលរដ្ឋ រកស៊ីដឹកអនុផលព្រៃឈើ ឬគ្រឿងសង្ហារឹមបន្តិចបន្តួចជាដើម។ បើតាមប្រភពពីប្រជាពលរដ្ឋនិយាយថា ពួកគេទារលុយម្ដងរាប់លានរៀល មិនដឹងជាក្នុងហេតុផលអ្វីនោះឡើយ។ លោកផល ផាន់នី និយាយឡើង គឺទាញកាមេរ៉ាមកថតផ្សាយផ្ទាល់ ធ្វើដូចជាខ្លួនមានអភ័យឯកសិទ្ធិខ្លាំងណាស់។ ការណ៍នេះប្រជាពលរដ្ឋសំណូមពរ ឲ្យក្រសួងព័ត៌មានដែលជាមេកើយ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ចនៅតាមដងផ្លូវពិនិត្យមើលក្រុមកុងត្រូលជជុះរបស់លោកផល ផាន់នីនេះផង មើលទៅដូចជាហួសហេតុពេកហើយ៕
ដោយសុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299