រយៈពេលពីរថ្ងៃចុងសប្តាហ៍មុន នៃខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចខេត្តព្រះសីហនុ ឆ្មក់បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) ចំនួនពីរទីតាំងផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យជម្រុះជាតិសាសន៍ចំនួន៤៨៤នាក់។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ប្រតិបត្តិការចាប់ផ្តើមរយៈពេល២ថ្ងៃគឺថ្ងៃទី៩ និងថ្ងៃទី១០ ខែមីនា។ ជាក់ស្តែងនៅថ្ងៃទី៩មីនា កម្លាំងជំនាញចុះបង្ក្រាបទីតាំង អតីតកាស៊ីណូមួយកន្លែង នៅក្រុងព្រះសីហនុ រកឃើញជនបរទេស ១៧២នាក់ ស្រី៤៣នាក់។ ជនសង្ស័យទាំងនោះមាន ៤សញ្ជាតិ រួមមាន៖ វៀតណាម ១០៩នាក់ស្រី១៧នាក់ ថៃចំនួន ៥៤នាក់ ស្រី២៤នាក់ ចិនតៃវ៉ាន់ ៨នាក់ ស្រី២នាក់ និងជនជាតិចិន១នាក់។ ក្នុងប្រតិបត្តិការដដែលនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកគ្រប់គ្រងចំនួន ៥នាក់ ដែលមានសញ្ជាតិ តៃវ៉ាន់ និងចិនផងដែរ។ ចំពោះមុខនៃការឃាត់ខ្លួននេះសមត្ថកិច្ចបញ្ជាក់ថា កំពុងបន្តនីតិវិធីកសាងសុំណុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមច្បាប់ជាធរមានលើអ្នកគ្រប់គ្រងទាំង៥នាក់។ រីឯជនបរទេសចំនួន១៦៧នាក់ មាន៣សញ្ជាតិ វៀតណាម ថៃ និងចិនតៃវ៉ាន់ កម្លាំងជំនាញបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញពីកម្ពុជា។
ដោយឡែកនៅថ្ងៃទី១០កម្លាំងជំនាញបានចុះបង្ក្រាបទីតាំងមួយផ្សេងទៀត រកឃើញជនជាតិខ្មែរចំនួន២៧៩នាក់ ស្រី២២៧នាក់ និងជនបរទេសចំនួន២៨នាក់ ស្រី៣នាក់ មានសញ្ជាតិចិន ២៧នាក់ មីយ៉ាន់ម៉ា១នាក់។ សម្រាប់ជនបរទេសចំនួន២៨នាក់នេះត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីត្រៀមបណ្តេញចេញពីកម្ពុជាដូចករណីទី១ដែរ។
គួរបញ្ជាក់ថា ក្រោយបើកការចុះបង្ក្រាបទ្រង់ទ្រាយធំពីករណីនេះរួចនៅល្ងាចថ្ងៃទី១០ ក្នុងសន្និសីទ្ធសារព័ត៌មានអាជ្ញាធរកម្ពុជាអះអាងថា ប្រតិបត្តិការនេះមានគោលបំណងលុបបំបាត់ឱ្យអស់នូវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) គ្រប់ប្រភេទនៅ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕