កាលពីថ្ងៃទី២ខែតុលាឆ្នាំ២០២០ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមចាប់ខ្លួន បងប្រុសបង្កើតដែលវាយសម្លាប់ប្អូន នៅចំណុចភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ។ បទល្មើសនេះវាយសម្លាប់ប្អូនប្រុសបង្កើតខ្លួនឯងនេះ គឺ បានកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ នៅចំណុចបន្ទាយអាមេរិក ក្នុងភូមិថ្គង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
ជនសង្ស័យមានឈ្មោះ ថេង សុធី ហៅថ្លាង អាយុ៣១ឆ្នាំ បានយកដំបងវាយ ជនរងគ្រោះឈ្មោះ ថេង សុ ថុន ហៅពូជ បណ្តាលឱ្យស្លាប់ ព្រោះតែជនរងគ្រោះតែងតែរករឿងជាមួយម្តាយ បងប្អូន លួចរបស់ក្នុងផ្ទះលក់គ្មានសល់វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាហេតុធ្វើឱ្យជនសង្ស័យជាបងបង្កើត ដាច់ចិត្តយកដំបងឈើប្រវែងប្រហែលកន្លះម៉ែត្រ វាយបណ្តាលសម្លាប់តែម្តង រួចគេចខ្លួនបាត់ មកស្នាក់នៅផ្ទះម្តាយមីង ភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យបាននាំខ្លួនមកសាកសួរបន្ថែមនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃទើបប្រគល់ឱ្យម្ចាស់ករណី ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕