សង្គម

លោក អឿន លីហឿន ប្រធានស្នាក់ការណាំរ៉ាមនៃដែន ជម្រកសត្វព្រៃស្រែពកប្រើឈ្មោះជាក្មួយប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី គម្រាមអ្នកដឹកសូម្បីកូនក្រឡឹងមួយគ្រាប់

ពលរដ្ឋអ្នករកស៊ីប្រកបរបរដឹកជញ្ជូន អនុផលព្រៃឈើបន្តិចបន្តួចគ្រាន់ចិញ្ចឹមក្រពះ,ដោះស្រាយធនាគារបានឲ្យដឹងថា ក្រុមមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី មួយចំនួនហាក់ដូចជាតឹងតែងខ្លាំងហួសហេតុពេក ចំពោះការរក ស៊ីរបស់ពួកគាត់ ពោលគឺមិនលើកលែងសូម្បីការដឹក ជញ្ជូនអនុផលព្រៃឈើបន្តិចបន្តួច។ ប្រភពថា មន្ត្រីខ្លះគឺតឹងតែងជាងកូនឈ្លបខ្មែរក្រហមទៅទៀត។ ប្រការនេះធ្វើហាក់ដូចជា ពលរដ្ឋជាសត្រូវរបស់ខ្លួនយ៉ាងអ៊ឹចឹង។ ជាក់ស្ដែងមន្ត្រីម្នាក់នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីឈ្មោះអឿន លីហឿន កំពុងធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់យ៉ាងខ្លាំង,មិនត្រឹមតែធ្វើឲ្យពលរដ្ឋ មិនសប្បាយចិត្តជា មួយអាជ្ញាធរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីប៉ុណ្ណោះទេ ប៉ុន្តែធ្វើឲ្យអ្នកភូមិខឹងសម្បារដល់រាជរដ្ឋាភិបាលថែមទៀត។

ប្រភពបានឲ្យដឹងថា លោក អឿន លីហឿនប្រធានស្នាក់ ការណាំរ៉ាមនៃដែនជម្រកសត្វព្រៃស្រែពក ដើរគំរាម កំហែងប្រជាពលរដ្ឋដឹកកូនក្រឡឹង និងគ្រោងទ្វាបន្តិច បន្តួចតាមម៉ូតូដោយប្រើពាក្យសម្តីអះអាងថា ខ្លួនជាក្មួយរបស់ប្រធានមន្ទីរបរិស្ថាន ដូច្នេះ ខ្លួនមិនខ្លាចញញើតអំណាចអ្នកណាឡើយ។ លោកលីហឿនបើខ្សិបថា បើនរណាចង់រកស៊ី ត្រូវតែជួបខ្លួន បើមិនដូច្នោះទេខ្លួននិងចាប់ ពីព្រោះខ្លួនជាអ្នកធ្វើសេដ្ឋកិច្ចឲ្យប្រធានមន្ទីរហើយត្រូវជាក្មួយរបស់ប្រធានមន្ទីរទៀតផង។ លោកប្រធានស្នាក់ការបានដើរល្បាតគ្រប់ច្រកល្ហកដើម្បីគំរាមកំហែងអ្នករកស៊ីដឹកជញ្ជូនកូនក្រឡឹង ឬគ្រោងទ្វារដោយទារឲ្យបង់ប្រាក់មិនលើកលែង ។ លោកយកឈ្មោះប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើរគំរាមគេឯងដោយអះអាងថាជាក្មួយប្រធានមន្ទីរ និងជាអ្នកដើរស្វែងរកសេដ្ឋកិច្ចជូនលោកប្រធាន។

ប្រជាពលរដ្ឋរស់នៅភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដាដែលជាអ្នកនៅជុំវិញស្នាក់ការណាំរ៉ាម ក្រោមការគ្រប់ គ្រងរបស់លោកអឿន លីហឿន បាននិយាយថា លោកអឿន លីហឿន មិនមែនតឹងតែងក្នុងបុព្វហេតុដើម្បីការពារធនធានធម្មជាតិនោះទេ។ ផ្ទុយទៅវិញលោកតឹងតែងដើម្បីលាភសក្ការៈដ៏ហួសហេតុពេក តាមរយៈការយកឈ្មោះប្រធានមន្ទីរទៅគំរាមកំហែងប្រជាពលរដ្ឋរកស៊ីដឹកអនុផលព្រៃឈើ បន្តិចបន្តួចគ្រាន់ចិញ្ចឹមឆ្នាំងនិងដោះស្រាយធនាគារនោះ។ អ្នកភូមិដេអេនិយាយថា នរណាក៏ស្គាល់លោកអឿន លីហឿន,នរណាក៏ញញើតលោកអឿន លីហឿន..ប្រធានស្នាក់ការណាំរ៉ាមនៃដែនបរិស្ថានស្រែពកនោះដែរ។

ប្រជាពលរដ្ឋបានរាយការណ៍ថា បុរស អឿន លីហឿន នេះគឺមួយម៉ាត់ណា ក៏យកឈ្មោះលោកប្រធានមន្ទីរមកពាំងពីមុខនោះដែរ។ នៅពេលដែលរឿងរ៉ាវកើតឡើងស្ទើរគ្រប់ទីកន្លែងនៅជុំវិញស្នាក់ការបរិស្ថានណាំរ៉ាមគឺពាក់ព័ន្ធនឹងផលប្រយោជន៍ដែលលោកអឿន លីហឿនធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់។ ជួនកាលវាមិនមែនជារឿងធំដែលចាំបាច់ធ្វើឲ្យប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋនោះទេ។ ប៉ុន្តែលោកអឿន លីហឿន តែងតែយកឈ្មោះលោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីគំរាមគេឯង សូម្បីតែអ្នកដឹកកូនក្រឡឹង១គ្រាប់ ឬដឹកសន្លឹកឈើ១បន្ទះ។ និយាយរួម ប្រជាពលរដ្ឋនៅតំបន់ក្បែរខាងស្នាក់ការណាំរាម សុទ្ធតែនិយាយស្រដៀងគ្នាអំពីភាពមិនលើកលែង និងការគំរាមកំហែងរបស់លោកអឿន លីហឿន តាមរយៈការយកឈ្មោះលោកប្រធាន មន្ទីរបរិស្ថានមកបាំងពីមុខ។

ករណីលោកអឿន លីហឿន ដើរធ្វើព្យុះភ្លៀងគំរាមគេឯងបែបនេះកើតឡើងជាយូរណាស់មកហើយ ហើយក៏មិនមានឃើញថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចាត់ វិធានការយ៉ាងណា ចំពោះបុគ្គលនេះនៅឡើយ។ ភាពស្ងៀមស្ងាត់របស់ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីជាពិសេសលោកឆៅ ប៊ុនធឿន ផ្ទាល់ ធ្វើឲ្យប្រជាពលរដ្ឋ នៅជុំវិញស្នាក់ការណាំរ៉ាម មានមន្ទិលសង្ស័យថា ជាប់ ពាក់ព័ន្ធជាមួយនឹងទង្វើរបស់លោកអឿន លីហឿន នោះមែន។ ដូច្នេះដើម្បីស្រាយបញ្ហានេះ គួរតែថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលាងជម្រះភាពមន្ទិលបញ្ហាដោយភាពជាក់លាក់ណាមួយដើម្បីឲ្យប្រាកដថាមិនពាក់ព័ន្ធដូចការលើកឡើងរបស់លោកអឿន លីហឿន នោះទេ៕