សង្គម

ថ្ងៃនេះ ក្រសួងរកឃើញ​ស្រ្តីខ្មែរ​ម្នាក់រស់នៅខេត្តបាត់ដំបង ​មានវីរុស​កូវីដ​១៩

​ក្រសួងសុខាភិបាលកម្ពុជា​បាន​ឲ្យដឹង​នៅ​ព្រឹកថ្ងៃនេះ​ថា គេ​បាន​រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី ម្នាក់បន្ថែមទៀត ដែលជាស្ត្រីជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិក្តុល ឃុំក្តុលដូនទាវ ខេត្តបាត់ដំបង។

បើតាម​ការ​បញ្ជាក់របស់​ក្រសួងសុខាភិបាលថា ស្ត្រីជនជាតិខ្មែររូបនេះ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។ នៅថ្ងៃទី១៩ ខែកញ្ញា គាត់ចាកចេញពីរាជធានីភ្នំពេញ ទៅខេត្តបាត់ដំបង ក្រោយលទ្ធផលតេស្តលើកទី១ របស់គាត់អវិជ្ជមានវីរុសកូវីដ-១៩។

នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់ គឺនៅថ្ងៃទី៣០ ខែកញ្ញា ការវិភាគវត្ថុសំណាកលើកទី២ របស់គាត់ ទទួលលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺរូបនេះត្រូវបានដាក់សម្រាកឲ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

គួរ​បញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែតុលា នេះ កម្ពុជារកឃើញមានអ្នកឆ្លងវីរុសកូវីដ-១៩ សរុបចំនួន ២៧៨នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២៧៥នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យចំនួន ៣នាក់៕