សង្គម

នាយករដ្ឋមន្រ្តី​ជំរុញឱ្យបំផុសសកម្មភាពវប្បធម៌ចាប់ពីខែមីនា រហូត​ដល់ពិធីបុណ្យចូលឆ្នាំ

ប្រមុខ​រដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យស្ថាប័នរបស់​រដ្ឋរួមគ្នាធ្វើសកម្មភាពឱ្យផុលផុសពាក់ព័ន្ធនឹងវប្បធម៌ជាតិ ចាប់ពី​ខែមីនា រហូតដល់ពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីលើកកម្ពស់តម្លៃវប្បធម៌ជាតិ។ ការជំរុញនេះធ្វើឡើង​តាម​រយៈសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤។

នៅក្នុង​សារាចរនេះ សម្តេចធិបតីបានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់​គុណ​បុព្វ​បុរស​ខ្មែរគ្រប់ជំនាន់ដែលបានលះបង់ ការពារសម្បត្តិវប្បធម៌ខ្មែរបន្សល់​​ទុកមកដល់​អ្នកជំនាន់ក្រោយ។

បើតាមប្រមុខ​រដ្ឋាភិបាល ទិវាវប្បធម៌ជាតិ ក៏ជាឱកាស​បំផុស​នូវមន​សិការ​ស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត​ ដែលធ្វើឡើងនៅក្រោមប្រធានបទ «យុវជន​ដើម្បីវប្បធម៌ជាតិ»។

មានសកម្មភាពជាច្រើនដែលត្រូវបានដាក់​ចេញ​ដោយសម្តេច ហ៊ុន ម៉ាណែត ដើម្បីឱ្យក្រសួងស្ថាប័ន​របស់រដ្ឋ​ទាំង​ថ្នាក់ជាតិ និងក្រោមជាតិ អនុវត្តន៍តាមនោះ គឺការរៀបចំកម្មវិធី និងសកម្មភាពនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៦​ ទាំង​នៅទីតាំងផ្ទាល់ និងនៅលើបណ្តាញសង្គមទៅតាមពេលវេលាសមរម្យចាប់ពីថ្ងៃទី៣មីនាដល់​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។

ក្រសួងវប្បធម៌ ត្រូវរៀបចំផ្សព្វផ្សាយការងារសំខាន់ៗ ពាក់ព័ន្ធការ​អភិរក្ស ការ​លើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក និង​រម​ណីយ​ដ្ឋានវប្បធម៌ រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរទិវាវប្បធម៌ជាតិនៅមូលដ្ឋានរបស់ខ្លួន។

រីឯក្រសួងព័ត៌មានត្រូវណែនាំដល់បណ្តាញសារព័ត៌មានគ្រប់ប្រភេទរបស់រដ្ឋនិងឯកជនទាំងអស់ចូលរួម ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពពាក់ព័ន្ធនឹងការអបអរទិវាវប្បធម៌ជាតិ។

ដោយឡែកក្រសួងអប់រំ និងក្រសួងវប្បធម៌ ត្រូវសហការផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្ស និស្សិត ព្រមទាំងបំផុសឱ្យមានសកម្មភាពបង្ហាញ នូវប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ នៅតាមគ្រឹះស្ថានសិក្សាអប់រំទាំងរដ្ឋ និងឯកជន។

លើសពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏ប្រាប់ទៅក្រសួងទេសចរណ៍ត្រូវផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរជាតិនិង អន្តរជាតិតាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះ​សំណាក់ និងភោជនីយដ្ឋានគ្រប់ប្រភេទ ពិសេសស្របតាមកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤»៕