យោងតាមប្រភពមួយចំនួនបានឲ្យដឹងថា មានមន្រ្តីរហូតដល់ទៅ៩នាក់ ដែលរាប់តាំងពីចៅហ្វាយខេត្ត រហូតដល់មេឃុំ ត្រូវបានដាក់ពិន័យ និងទណ្ឌកម្ម ទាក់ទងករណីបណ្តែតបណ្តោយឲ្យមានការកាប់ទន្ទ្រានដីព្រៃនៅខេត្តមណ្ឌលគិរី ។
បើតាមលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុមការងារអន្តរក្រសួងបានបំពេញការងារចុះសិក្សាស្រាវជ្រាវលើករណីការកាប់រាន ទន្ទ្រាន កាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្ដមណ្ឌលគិរី ប្រកបដោយតម្លាភាព សុចរិតភាព និងមានភស្តុតាង គ្រប់គ្រាន់ ។ នាយឧត្តមសេនីយ៍បន្តថា យើងមានគោលការណ៍អស់ហើយ ប៉ុន្ដែនៅពេលណាយើងមិនទាន់ទទួលបានការអនុវត្ដប្រកាសឲ្យធ្វើ យើងក៏មិនអាចធ្វើការផ្សព្វផ្សាយជាសាធារណៈបានដែរ តែវាមិនមែនជាការលាក់កំបាំងអ្វីនោះទេ ។
យ៉ាងណាក៏ដោយ បើតាមប្រភពបែកធ្លាយបានឲ្យដឹងថា មន្ត្រីដែលត្រូវបានថ្នាក់លើ អនុវត្តវិន័យរដ្ឋបាលនិងទណ្ឌកម្មមានដូចជា៖
ទី១.លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ត្រូវបានថ្នាក់លើដាក់វិន័យនិងអប់រំណែនាំ អោយខិតខំអនុវត្តតួនាទីអោយបានល្អប្រសើរឡើងវិញ ។
ទី២.លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យបញ្ចប់តំណែង និង អោយមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ វិញ ។
ទី៣.លោក សុក សេរ៉ា នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ត្រូវបានបញ្ចប់តំណែងនិងអោយមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ វិញ ។
ទី៤.លោក សៀក មុន្នី អភិបាលស្រុកអូររាំង ត្រូវបានអនុវត្តវិន័យរដ្ឋបាល ។
ទី៥.លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា ត្រូវបានបញ្ជូនទៅសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីអនុវត្តវិន័យ ។
ទី៦.លោកឧត្តមសេនីយ៍ ជេត ហ៊ាង មេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ៧១៦ និង ជាប្រធានការដ្ឋានខ្សែក្រវាត់ព្រំដែន ត្រូវបានបញ្ជូនទៅក្រសួងការពារជាតិ ដើម្បីអនុវត្តវិន័យកងកម្លាំង ។
ទី៧.លោកស្រី ថ្ចាន់ ត្រែល ចៅសង្កាត់សែនមនោរម្យ ស្រុកអូររាំង ត្រូវដាក់វិន័យរដ្ឋបាល ។
ទី៨.លោក ប៊ុត សំអែល មេឃុំស្រែខ្ទុម ស្រុកកែវសីមា ត្រូវដាក់វិន័យរដ្ឋបាល ។
ទី៩.លោក ពឿប ពេ មេឃុំស្រែព្រះ ស្រុកកែវសីមា ត្រូវដាក់វិន័យរដ្ឋបាល៕