សង្គម

ក្រសួង​ធនធាន​ទឹក ៖ កម្ពុជា​ប្រឈមនឹង​អាកាសធាតុក្ដៅ​ហើយ​ស្ងួត​ពី​ខែ​មីនា​ដល់​ឧសភា

ក្រសួងធនធានទឹក​និង​ឧតុនិយម បាន​ព្រមាន​ពី​ការ​បន្តឡើង​កម្ដៅ​សីតុណ្ហភាព នៅ​រវាងខែ​មីនា​ដល់​ដើម​ខែ​ឧសភា​ឆ្នាំ២០២៤។ បើតាម​ក្រសួងធនធាន​ទឹក ការ​ឡើង​កម្ដៅ​នេះ ដោយសារ​កម្ពុជាបន្ត​រងបាតុ​ភូតសកល​អែលនីណូ(EI Nino)ខ្ពស់​ជាង​៧០​ភាគរយ ចាប់​ពី​ខែ​មីនា​ដល់​ខែ​មេសា ហើយ​ចាប់ពីខែ​ឧសភា​ទៅ​បាតុភូតនេះ​នឹង​ថយ​ចុះ​២០​ភាគរយ។

បាតុភូត EI Ninoធ្វើខ្យល់​ក្តៅ​ ទឹក​​ក្តៅ ​បង្ក​ឱ្យ​មាន​មហន្តរា​យ​ធម្មជាតិ​ និងផលវិបាក​អាកាសធាតុ​ខ្លាំង​ ដូច​ជា​បាន​បង្កើន​កម្តៅ​នៃ​ភព​ផែន​ដី និង​ធ្វើ​ឱ្យ​មាន​កា​រប្រែបួល​អាកាសធាតុ​ខ្លាំង​នៅ​តាម​តំបន់​ជាច្រើនមិនចំពោះតែកម្ពុជា​។ ផលវិបាក​នៃ​បាតុភូត​អែលនីញ៉ូ នឹង​ធ្វើ​ឱ្យ​មាន​ ​ភ្លៀងព្យុះកំណាច រាំងស្ងួត​ចម្លែក ប្តូរ​រដូវ ប្តូរ​ទម្លាប់​អាកាសធាតុ។ កន្លែង​ខ្លះ​​មាន​ភ្លៀង​ច្រើនជ្រុល​ កន្លែងខ្លះ​កាន់​តែ​​​រាំងស្ងួតខ្លាំង។

ឈរ​លើ​ស្ថានភាព​នេះ សម្រាប់​រដូវ​ប្រាំង​ក្នុង​ឆ្នាំ២០២៤​នេះ ប្រទេស​កម្ពុជា​ប្រឈម​នឹង​អាកាសធាតុក្ដៅហើយ​ស្ងួត​នាំ​ឲ្យ​ភ្លៀងកក់​ខែ​ធ្លាក់​តិត​ជាង​ឆ្នាំ២០២៣ ។

នៅចំពោះមុខ​សីតុណ្ហភាព​ឡើង​កំដៅដូច្នេះ ក្រសួងធនធានទឹក​និង​ឧតុនិយម បាន​អំពាវនាវ​ទៅ​អាជ្ញាធរដែនដី​និង​ប្រជាពល​រដ្ឋចូល​រួម​សហការ​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ​ក្នុង​កម្រិត​ខ្ពស់ ជា​ពិសេស​បណ្ដាជនបទ​ដែល​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក។ បើតាម​ក្រសួងធនធានទឹក អាកាសធាតុ​ក្ដៅ​ហើយ​ស្ងួត​នេះ​នាំ​ឲ្យ​កើតមាន​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ទ្រាក់ ដែល​អាច​កើតមាន​ច្រើន​នៅ​ក្នុង​ខែ​មេសា និង​ខែ​ឧសភា៕