ខេត្តតាកែវ÷ នៅយប់ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង១០:៣០នាទីយប់ មានការលបកាប់គ្នា ទៅលើម៉ូតូមួយគ្រឿងមានគ្នា៣នាក់ ក្នុងហេតុការណ៍នោះ បណ្តាលអោយយុវជនម្នាក់ ក្នុងចំណោមគ្នា៣នាក់ បានដាច់ដៃ ហើយជនបង្ក ប្រហែលជា៤ទៅ៥ម៉ូតូ បានស្ទាក់កាប់ជនរងគ្រោះ ដែលស្ថិតនៅទីតាំងភូមិរូង ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ជនរងគ្រោះដែលដាច់ដៃនោះមានឈ្មោះថា ឈិន យុនរ៉ាវ៉ាយ មានអាយុ១៦ឆ្នាំ រស់នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ចំណែកគ្នីគ្នារួមដំណើរមានរបួសស្រាល តាមដំណើររឿងគឺថា ជនរងគ្រោះមានគ្នា៣នាក់ជិះម៉ូតូទៅលេងវត្តរូង ក្នុងកម្មវិធី បុណ្យផ្កាសាមគ្គី រហូតដល់ម៉ោង១០យប់ ជនរងគ្រោះបានជិះម៉ូតូចេញពីវត្ត បំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានជនបង្ក៤-៥ម៉ូតូ បានស្ទាក់កាប់ទៅលើពួកគេជាច្រើនកាំបិត បំរុងកាប់អោយស្លាប់តែម្តង សំណាងហើយ បានអ្នកភូមិនៅក្បែរនោះ ចេញមកទាន់ស្រែកឡូឡាផ្អើលអស់អ្នកភូមិ ទើបពួកជនបង្កឈប់កាប់ ហើយពួកវាបានជិះម៉ូតូរត់គេចខ្លួនចេញទៅបាត់។
បន្ទាប់មកជនរងគ្រោះត្រូវបានឪពុកម្តាយបញ្ជូនទៅសង្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ។ តាមពាក្យបណ្តឹងរបស់ក្រុមជនរងគ្រោះបានបញ្ជាក់និងរៀបរាប់ប្រាប់សមត្ថកិច្ចថាជនបង្កមានឈ្មោះដូចខាងក្រោម:
ទី១ ឈ្មោះ អានុត
ទី២ ឈ្មោះអាទូច
ទី៣ ឈ្មោះអា ឃ្នី
ទី៤ ឈ្មោះអាពន
ទី៥ ឈ្មោះអាគិន
ទី៦ ឈ្មោះអាឃ្មុំ
ទី៧ ឈ្មោះអាខ្វាន់
ទី៨ ឈ្មោះអាអែម
ត្រូវចាប់យកមកទទួលទោសតាមផ្លូវច្បាប់ជាធរមាន។
តែរហូតមកដល់ពេលនេះលោកមេប៉ុស្តិ៏ ឃុំធ្លាប្រជុំ ក៏ដូចជាលោកអធិការ បានឆ្លើយតបមកឪពុកម្តាយជនរងគ្រោះថា ជនបង្កបានរត់គេចខ្លួនបាត់អស់ហើយ រកមិនឃើញ តែខាងឪពុកម្តាយជនរងគ្រោះថា ជនបង្កទាំងនោះមិនបានរត់ទៅណាទេ។
តាមប្រភពប្រជាពលរដ្ឋរស់នៅក្នុងភូមិជាមួយជនបង្កថា ជនបង្កនៅក្នុងភូមិ មិនបានទៅណាទេ នេះប្រហែលជាខ្សែជនបង្ក មានខ្នងក្រាស់ហើយមើលទៅបានដល់ថ្នាក់ មេប៉ុស្តិមិនហ៊ានចាប់។ តើអោយប្រជាពលរដ្ឋសង្ឃឹមអ្វីទៀត បើជនបង្ក កាប់គេហើយគ្មានទោសអាជ្ញាធរមូលដ្ឋាន បែរជាមិនអាចអ្វីបាន បានត្រឹមតែនិយាយថា ជនបង្ករត់បាត់ស្រមោលអស់ហើយ។
គ្រួសារជនរងគ្រោះសូមសំណូមពរទៅដល់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ឯកឧត្តម ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ, លោកឧត្តមសេនីយ៍ទោ ឈៀង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវថ្នាក់ដឹកនាំ ជាពិសេស ស្នងការខេត្ត តាកែវ សូមមេត្តាជួយរកយុត្តិធម៌ជូនក្រុមគ្រួសាររបស់ពួកគាត់ផង៕