ភ្នំពេញ÷សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ថ្ងៃទី០១ ខែមីនា គឺជាថ្ងៃដ៏មានសារៈសំខាន់ ដែលយើងទាំងអស់រំលឹកខួបទី២៥ នៃការចូលជាធរមានរបស់អនុសញ្ញាអូតាវ៉ា។
អនុសញ្ញាដែលគួរកត់សំគាល់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់គ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីនប្រឆាំងមនុស្ស។ ការចាប់ផ្តើមនៃអនុសញ្ញា បានបង្កើតនូវកំនត់ត្រាមួយនៅក្នុងប្រវត្តិសាស្រ្តរួមរបស់មនុស្សជាតិ ក្រោមគោលដៅការពារអាយុជីវិត លើកកម្ពស់សន្តិភាព និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ក្នុងរយៈពេល២៥ឆ្នាំកន្លងមក ស្មារតីមនុស្សធម៌នេះបានបំផុសគំនិតឱ្យប្រទេស អង្គការ និងបុគ្គលនានាជុំវិញពិភពលោក ធ្វើការដោយមិនខ្លាចនឿយហត់ឆ្ពោះទៅរកការលុបបំបាត់គ្រាប់មីន ដែលជារឿយៗប្រឈមនឹងបញ្ហា និងឧបសគ្គដ៏ធ្ងន់ធ្ងរ។
នៅពេលយើងប្រារព្ធព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ សូមឲ្យយើងគោរពនូវភាពក្លាហាន និងការលះបង់របស់អ្នកទាំងអស់ដែលបានរួមចំណែកក្នុងបុព្វហេតុដ៏ថ្លៃថ្លានេះ ហើយសូមឱ្យយើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមក្នុងការបន្តធ្វើការដោយមិនខ្លាចនឿយហត់ឆ្ពោះទៅរកការលុបបំបាត់គ្រាប់មីនទាំងស្រុង និងធានាបាននូវពិភពលោកមួយដែលមានសុវត្ថិភាព និងសន្តិសុខជាងមុន សម្រាប់មនុស្សជំនាន់ក្រោយ។
កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០០០ ហើយបាននិងកំពុងបំពេញកាតព្វកិច្ច ជារដ្ឋភាគីគំរូ និងឈានមុខគេក្នុងការលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស ហើយត្រូវបានសហគមន៍អន្តរជាតិចាត់ទុកសមិទ្ធផលក្នុងការងារបោសសម្អាតមីនរបស់កម្ពុជា គឺជាសមិទ្ធផលមួយផ្នែកធំរបស់ពិភពលោក។ ជាងនេះទៅទៀត ក្នុងឆ្នាំ២០២៤ ស្របនឹងការអបអរសាទរខួបទី២៥ នៃអនុសញ្ញាអូតាវ៉ា កម្ពុជា ត្រូវរដ្ឋភាគីចំនួន ១៦៤ បោះឆ្នោតគាំទ្រជ្រើសតាំងធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញា ដែលកម្ពុជាអាចនឹងដឹកនាំបង្កើតផែនការសកម្មភាព៥ឆ្នាំសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍សៀមរាប-អង្គរ សម្រាប់រដ្ឋភាគីទាំងអស់។
សូមចូលរួមអបអរសាទរខួបទី២៥ នៃអនុសញ្ញាអូតាវ៉ា៕