សង្គម

ក្រោយផ្ទុះការរិះគន់រថយន្តស្លាកលេខ ខ.ម បើកបរដោយជនបរទេស ក្រសួងការពារជាតិចេញមុខព្រមានប្រើផ្លូវច្បាប់

ក្រសួងការពារជាតិ បានចេញសេចក្តីជូនដំណឹង អំពីការប្រើប្រាស់ស្លាកលេខខេមរភូមិន្ទលើរថយន្តឱ្យបានត្រឹមត្រូវតាមច្បាប់ បើពុំនោះទេម្ចាស់យានយន្តដែលមន្ត្រីក្រសួងការពារជាតិនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់។ ការចេញមកព្រមានបែបនេះ ធ្វើឡើងបន្ទាប់ពីនៅមួយរយៈចុងក្រោយ រថយន្តមានស្លាកលេខ ខេមរភូមិន្ទ ឬខ.ម បានបង្កគ្រោះថ្នាក់ចរាចរណ៍ជារឿយៗ ហើយពេលខ្លះអ្នកបើកបរជាជនបរទេស និងបញ្ចេញកាយវិការហិង្សាថែមទៀត។

សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស កាលពីថ្ងៃទី២៨កុម្ភៈ តែទើបចេញផ្សាយនៅថ្ងៃទី២៩កុម្ភៈនេះ បានឱ្យដឹងថា ក្នុងករណីមន្ត្រីណា ដែលអនុវត្តការប្រើប្រាស់ស្លាកលេខ ខ.ម ផ្ទុយនឹងច្បាប់ដែលបានកំណត់ ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានសម្ភារបច្ចេកទេសបញ្ជាក់ថា ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរ ខ.ម ទាំងអស់ ត្រូវអនុវត្តតាមអនុក្រឹត្យ លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ ដែលបញ្ជាក់ថាអ្នកប្រើប្រាស់ស្លាកលេខនេះ ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។ ការប្រើប្រាស់យានយន្តពាក់ស្លាកលេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគ វិស័យការពារជាតិនានាក៏ត្រូវបានអនុវត្តដូចគ្នា។

គួររំឭកថា មានករណីកាលពីពេលថ្មីៗនេះ មានជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុ បានបើករថយន្តទំនើបពាក់ស្លាកលេខ ខម បើកបុករថយន្តប្រជាពលរដ្ឋខ្មែរម្នាក់ឱ្យរងការខូចខាតយ៉ាងដំណំ និងបានបញ្ឆេះរថយន្តបើកបំបុកក្រុមសមត្ថកិច្ចចរាចរចុះទៅអន្តរាគមន៍រំដោះខ្លួនគេចចេញពីកន្លែងកើតហេតុថែមទៀត។ យ៉ាងណា តុលាការខេត្តព្រះសីហនុ បានសម្រេចផ្តន្ទាទោសជនជាតិចិនរូបនោះ ឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល ពីបទប្រមាថមន្ត្រីរាជការសាធារណៈ និងប្រើប្រាស់រថយន្តស្លាកលេខខ.មខុសច្បាប់៕