បាតុភូតព្រះអាទិត្យរះចំកណ្តាលប្រាសាទអង្គរវត្ត ត្រូវបានរំពឹងទុកថានឹងកើតឡើងនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះនៅវេលាចន្លោះម៉ោង ៥ព្រលឹម ដល់ម៉ោង៧ព្រឹក។ ដើម្បីលើកទឹកចិត្តដល់ភ្ញៀវទេសចរចូលរួមទស្សនាបាតុភូតដ៏អស្ចារ្យនេះ ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធី «ប្រកួតរូបថតសមរាត្រីអង្គរអច្ឆរិយៈ»។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ អ្នកដែលចង់ចូលរួមកម្មវិធីប្រកួតនេះអាចជ្រើសរើសរូបថតដែលខ្លួនបានថតដោយផ្ទាល់ផ្ញើមកកាន់ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ ដោយភ្ជាប់មកជាមួយឈ្មោះ និងលេខទូរសព្ទ ដោយក្រសួងបើកទទួលរូបថតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។
ក្រោយមកក្រសួងទេសចរណ៍នឹងវាយតម្លៃ និងជ្រើសរើសរូបថតដែលថតស្អាតជាងគេចំនួន ១០រូប ដើម្បីផ្សព្វផ្សាយនៅលើគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយនានារបស់ក្រសួងទេសចរណ៍។
ក្រសួងនឹងកំណត់យកជ័យលាភីចំនួន៣រូប ដែលនឹងទទួលបានរង្វាន់ជាទឹកប្រាក់ចាប់ពី ៥០ម៉ឺនរៀល រហូតដល់ ១លានរៀល។
គូសបញ្ជាក់ថា បាតុភូតព្រះអាទិត្យរះចំកណ្តាលប្រាសាទអង្គរវត្ត តែងកើតឡើង ២ដងជារៀងរាល់ឆ្នាំ ពោលនៅខែមីនាម្តង និងនៅខែកញ្ញាម្តងទៀត ដែលព្រឹត្តិការណ៍នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ គឺជាការគិតគូររបស់បុព្វបុរាណខ្មែរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ រវាងផែនដី និងព្រះអាទិត្យ។ ការណ៍នេះហើយបានធ្វើឱ្យប្រាសាទអង្គរវត្តជាប់ជាកន្លែងដែលមើលថ្ងៃរះ និងលិចស្អាតបំផុតលើពិភពលោក៕