ខេត្តព្រៃវែង÷មន្ទីរបរិស្ថានខេត្តព្រៃវែង ក្រោយពីទទួលបានអនុសាសន៍ដែលជាយុទ្ធនាការដាក់ចេញ របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មន្ទីរបរិស្ថានខេត្ត ព្រៃវែង និងយោងអនុស្សរណៈយោគយល់រវាងក្រសួង បរិស្ថាន និងរដ្ឋបាលខេត្តព្រៃវែង ស្តីពីយុទ្ធនាការ,ការកាត់ បន្ថយការប្រើប្រាស់ ប្លាស្ទិកក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” មន្ទីរបានស្នើសុំលិខិតជម្រាបជូនពីរដ្ឋបាលខេត្ត ជម្រាបជូនដល់ លោក លោកស្រីអភិបាលនៃគណៈអភិបាលក្រុង-ស្រុកទាំង ១៣ជួយសម្របសម្រួល ដល់ លោក លោកស្រី ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុង-ស្រុក លោក នាយក លោកស្រី នាយិកា គ្រប់គ្រឹះស្ថានសិក្សា ដើម្បីអនុវត្តសកម្មភាព ដឹកនាំសិស្សានុសិស្សលោកគ្រូ អ្នកគ្រូ ធ្វើយុទ្ធនាការ,ការកាត់ បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី ០១កញ្ញា ឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ននេះ មន្ទីរបរិស្ថានខេត្តព្រៃវែង សម្រេចបានសមិទ្ឋិផលជាច្រើន។
លោក ប៊ិន សំភា អនុប្រធានមន្ទីរបរិស្ថានខេត្តព្រៃវែង ទទួលបន្ទុកការងារការផ្សព្វផ្សាយយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»បានឲ្យដឹងថា មន្ទីរបរិស្ថានខេត្ត ព្រៃវែង បានសហការជាមួយមន្ទីរអប់រំ យុវជននិងកីឡា ខេត្តព្រៃវែង បង្កើតក្រុប Telegram មួយដើម្បីឱ្យប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង-ស្រុកទាញយក លោក នាយក លោកស្រី នាយិកា គ្រប់គ្រឹះស្ថានសិក្សាចូលធ្វើយុទ្ធនាការ។ ក្នុងនោះយើងសម្រេចបាន÷
សាលាសរុប៦៧៥សាលា =១០០%(ក្នុងនោះមាន បឋមសិក្សា៥៥០,អនុវិទ្យាល័យ៩២និងវិទ្យាល័យ៣៣)
ដែលក្នុងនោះសិស្សានុសិស្សសរុប ២២៥,៨៩០ នាក់និង ចំនួនប្រជាពលរដ្ឋចូលរួមសរុប ២៣៧,៨៩៧នាក់= ១៩% នៃប្រជាជនសរុប។
រីឯសាលាបានចូលរួមធ្វើយុទ្ធនាការលើសពី១ដងចំនួន ២១លើក,វត្តអារាមចំនួន០៥,រោងចក្រសហគ្រាសចំនួន០១ អ្នកចូលរួមសរុប ៧០៥នាក់,ស្រី៦៥០ នាក់។
លោក ប៊ិន សំភា អនុប្រធានមន្ទីរបរិស្ថានខេត្តព្រៃវែងបានបន្ថែមថា ចំពោះការងារបន្ត មន្ទីរបរិស្ថានខេត្ត បន្តការផ្សព្វផ្សាយយុទ្ធនាការការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្រោម ប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមសាលា ក្រុមហ៊ុនឯកជន និងសហការជាមួយអាជ្ញាធរក្រុង ស្រុកទាំង១៣ ផ្សព្វផ្សាយតាមទីសាធារណៈនិងបន្តសហការ ជាមួយមន្ទីរអប់រំយុវជននិងកីឡា ខេត្ត ព្រៃវែង ធ្វើយុទ្ធនាការដូចភ្លៀងរលឹម និងរាយការណ៍សកម្មភាពជាប្រចាំ ក្នុងក្រុប Telegram។
បន្ថែមពីលើនេះមន្ទីរក៏នឹងស្នើសុំឲ្យអាជ្ញាធរស្រុក-ក្រុង បន្តឲ្យមេភូមិ ឃុំ ចៅហ្វាយស្រុក ធ្វើយុទ្ធនាការបន្តក្នុងដែនដីរបស់ខ្លួន ដូចភ្លៀងរលឹម។
ជាចុងក្រោយ លោកប៊ិន សំភា ក្នុងនាមមន្ទីរបរិស្ថានខេត្តព្រៃវែង សូមគោរពថ្លែងអំណរអរគុណ ដល់អាជ្ញាធរ រដ្ឋបាលខេត្ត ស្រុក ក្រុង ទាំង១៣ ជាពិសេស លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាករខេត្ត ដែលបានសហការ និងធ្វើរបាយការណ៍បូកសរុប ជូនថ្នាក់ដឹកនាំខេត្តនិងក្រសួងបរិស្ថាន៕