ព័ត៌មានជាតិ

Update-រឿងចាក់ថ្មចូលផ្ទៃទន្លេ នៅស្រុកស្រីសន្ធរ ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត អ្នកប្រព្រឹត្តអាចជាប់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ(៥)ឆ្នាំ

ខេត្តកំពង់ចាម៖ បើតាមក្រសួងធនធានទឹក និងឧតុនិយម ការធ្វើសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើសដែលមានបញ្ញត្តនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះ អ្នកប្រព្រឹត្ត​អាចនឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន(៥.០០០.០០០)រៀល ដល់ ដប់លាន (១០.០០០.០០០)រៀល និង/ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ(៥)ឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ។

សូមបញ្ជាក់ថា លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យមើលផ្ទាល់ការងារកាយថ្មចេញពីទន្លេមេគង្គឡើងវិញ ក្រោយអាជ្ញាធរបានទុកពេល៧០ថ្ងៃ ឲ្យបុគ្គលដែលចាក់ថ្មចូលទន្លេធ្វើការកាយឲ្យអស់ឡើងវិញ។ 

ជាមួយគ្នានេះលោក ទន់ ឆៃអ៊ាង ដែលបានចាក់ថ្មចូលទន្លេមេគង្គ សន្យានៅចំពោះមុខអាជ្ញាធរថា ក្រុមការងាររបស់លោកនឹងខិតខំប្រឹងប្រែងអនុវត្តទៅតាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយកាយយកថ្មចេញពីទន្លេ ឲ្យអស់យ៉ាងយូរជាង១០ថ្ងៃ។ លោក ទន់ ឆៃអ៊ាង បានបញ្ជាក់ថា ក្រុមការងាររបស់លោក ធ្វើការ២៤ម៉ោងលើ២៤ម៉ោង ដោយបច្ចុប្បន្នកាយបានប្រមាណ១០ភាគយហើយ ដោយប្រើគ្រឿងចក្រអាអិច៦គ្រឿង ប្លុងតុង២ និងរថយន្ត២គ្រឿង សម្រាប់កាយថ្មចេញពីទន្លេឱ្យរួចរាល់ក្នុងរយៈពេលជាង១០ថ្ងៃទៀត។ 

យ៉ាងណាក៏ដោយលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម បានបញ្ជាក់ថា នេះគ្រាន់តែជាវិធានការបឋម និងជាបន្ទាន់របស់រដ្ឋបាលខេត្តកំពង់ចាមប៉ុណ្ណោះ ហើយវិធានការតាមផ្លូវច្បាប់នៅតែបន្ត។

លោក ទន់ ឆៃអ៊ាង បានទទួលកំហុសនេះ និងអនុវត្តទៅតាមវិធានការរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយយល់ព្រមបញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ និងខិតខំធ្វើការកាយយកថ្មដែលបានចាក់រួចហើយនោះចេញវិញឲ្យអស់ មុនពេលកំណត់៧០ថ្ងៃ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299