សង្គម

ជនជាតិចិនបើករថយន្ត Lumborghini បុក​មនុស្ស​ស្លាប់ ត្រូវ​បញ្ជូនទៅ​តុលាការ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បាន​ឱ្យដឹងថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លាប់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១:០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1V-9127 នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ភូមិប៉ប្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លាប់។

បើតាមការ​បញ្ជាក់របស់សមត្ថកិច្ច មូលហេតុគ្រោះថ្នាក់នេះគឺអ្នកបើកបររថយន្ត បើកបរលឿន និងបើកក្នុងស្ថានភាពមានជាតិអាល់កុល ០.៨៦ mg/L និងបើករត់គេចពីកន្លែងកើតហេតុ។

យ៉ាងណាក៏ដោយក្រោយកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំម្ចាស់រថយន្តបង្កឈ្មោះ FU ZHONGHUA ភេទប្រុស ជនជាតិចិន និងរថយន្តយកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕