សង្គម

មិនដឹងតា ខាន់ សុវណ្ណ ខឹងរឿងអីទេ ដកកាំភ្លើងបាញ់មេឃ៣គ្រាប់ ផ្អើល​សមត្ថកិច្ចខេត្តព្រះសីហនុ

យោង​តាម​សេចក្តីរាយការណ៍​បាន​ឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ លោកតា ខាន់ សុវណ្ណ ដែល​គេដឹងថា គឺជា​មនុស្ស​ល្បីល្បាញម្នាក់​លើ​បណ្តាញ​សង្គមខាងនយោបាយ បានដកកាំភ្លើងបាញ់មេឃចំនួន៣គ្រាប់ នៅក្នុងដីចម្ការរបស់ខ្លួន​នៅឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ធ្វើ​ឲ្យ​ផ្អើល​ដល់សមត្ថកិច្ច ចុះមក​ធ្វើ​ការ​នាំខ្លួន។

នៅចំពោះមុខ​សមត្ថកិច្ច លោក ខាន់ សុវណ្ណ បានទទួលស្គាល់ថា លោកពិតជាបានបាញ់បោះដោយសេរីមែន ព្រមទាំងបានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ដោយមានខ្លឹមសារ «ខ្ញុំបាទសូមធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចថា បើសិនជាសមត្ថកិច្ច ត្រូវការកោះហៅរូបខ្ញុំ នៅពេលណា រូបខ្ញុំបាទនឹងទៅជួបបំភ្លឺទៅតាមការហៅរបស់សមត្ថកិច្ចថ្នាក់លើត្រូវការខ្ញុំ ។ ក្នុងករណីរូបខ្ញុំគេចវេសមិនព្រមចូលខ្លួនទៅបំភ្លឺ តាមការកំណត់របស់សមត្ថកិច្ចទេនោះ រូបខ្ញុំព្រមប្រគល់ខ្លួនជូនសមត្ថកិច្ចចាត់វិធានការតាមច្បាប់»៕