ព័ត៌មានជាតិ

ករណីចាក់ថ្មប៉ុនប៉ងព័ទ្ធរំលោភយកទន្លេមេគង្គនៅស្រុកស្រីសន្ធរជាការឃុបឃិតគ្នាជាប្រព័ន្ធ

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមបានទុកពេលហើយជួនប្រព្រឹត្តល្មើស ដែលចាក់ថ្មរំលោភយកផ្ទៃទន្លេមេគង្គនៅចំណុចភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាយយកថ្មនោះចេញវិញ អោយហើយរួចរាល់ក្នុងរយៈពេល៧០ថ្ងៃ។

ទីបំផុតសំណុំរឿងពាក់ព័ន្ធនឹងការ ចាក់ថ្មរំលោភចូលផ្ទៃទន្លេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចំណាត់ការគឺបញ្ជូនដល់ដៃតុលាការហើយ..!។ ក្រោមការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម.!។ -នេះបើយោងតាមការបញ្ជាក់លោក អ៊ុន ចាន់ដា ដែលបានថ្លែងប្រាប់«អ្នកសារព័ត៌មាន»នៅរសៀលថ្ងៃទី២៣.០២.២០២៤។ បើតាមលោក អភិបាលខេត្តកំពង់ចាម ករណីចាក់ថ្មរំលោភចូលទន្លេមេគង្គ នេះដែរ គឺត្រូវកាយចេញវិញផង និងបញ្ជូនទៅតុលាការផង ពុំមែនសម្របសម្រួលបញ្ចប់រឿងដោយស្ងាត់ៗនោះទេ..!។

គេថា នឹងបន្តតាមដានមើលខ្លាចក្រែង បុរសជាឧកញ៉ាធ្វើឲ្យល្បីរឿងចាក់ដីលុបទន្លេនេះ មិនកាយយកថ្មនោះចេញវិញ។ យ៉ាងណាក៏ដោយមហាជន ក៏ដូចជាប្រជារាស្រ្តទូទាំងប្រទេសចង់ឃើញអាជ្ញាធរខេត្តកំពង់ចាម អនុវត្តច្បាប់ដែលមានស្រាប់ជាជាងផ្ដល់ឱកាសឲ្យពួកគេ។

បុរសឈ្មោះ ទន់ ឆៃអ៊ាង ត្រូវអ្នកភូមិខ្សឹបថារស់នៅភូមិព្រែកតាកុច ឃុំឫស្សីស្រុក ដែលជាអ្នកមានឈ្មោះបោះសំឡេងហើយត្រូវប្រជារាស្រ្តនៅតំបន់នោះហៅ លោកឧកញ៉ា!ៗ ..ពេលនេះលោកឧកញ៉ាបានសាងកេរ្តិ៍ឈ្មោះស្អុយរលួយបញ្ជ្រាសខ្យល់ ដែលធ្វើឲ្យមានការរិះគន់ពីប្រជារាស្ត្រខ្មែរនៅលើទូទាំងពិភពលោក។ លើបណ្ដាញសង្គមខ្លះបញ្ចេញយោបល់ពេបជ្រាយនិងខ្លះដៀលត្មិះ បុរសដែលជាតួអង្គក្នុងរឿងដ៏អសោចមួយនេះ។ អ្នកខ្លះបានហាមឃាត់ថាកុំរិះគន់ខ្លាំងពេកតិចលោកគាត់គិតខ្លីរត់ទៅចងកនាំឲ្យកើតមានអំពើបាបទៅវិញទេ។ មតិភាគ ច្រើនគឺបានរិះគន់លាយឡំទៅនឹងសំណួរចំពោះអាជ្ញាធរស្រុកស្រីសន្ធរផងដែរថា តើមិនដឹងទេឬមួយក៏មានការឃុបឃិត? ការនិយាយថា មិនដឹងគឺជារឿងសមហេតុ សមផលបំផុតសម្រាប់អាជ្ញាធរស្រុកស្រីសន្ធរ?

ប្រភពពីពលរដ្ឋនៅស្រុកស្រីសន្ធរ ចាប់ពីឃុំព្រែកដំបូករហូតដល់ឃុំព្រែករំដេង ខ្សិបខ្សៀវគ្នាអំពីការដឹកនាំរបស់លោកស៊ឹម គង់ អភិបាលស្រុកស្រីសន្ធរដែលដេកផ្ដួលឱ្យមានបញ្ហាអាណាធិបតេយ្យនៅលើដងទន្លេ។ ករណីដែលបានកើតឡើងរយៈពេលជិត២ខែរហូតអ្នកភូមិឆ្ងល់ថាតើរថយន្តដឹកស្អីបានជារង្គើភូមិ,រង្គើផ្លូវយ៉ាងនេះ? នៅទី បំផុតអាជ្ញាធរខេត្តកំពង់ចាមឆ្លើយជំនួសលោកស៊ឹម គង់ចៅហ្វាយស្រុកស្រីសន្ធរយ៉ាងខ្លីថា អាជ្ញាធរ”មិនដឹង”អំពីសកម្មភាពដែលពួកគេចាក់ដីលុបទន្លេនោះទេ។ ចម្លើយ ” មិនដឹង”ធ្វើហាក់ដូចជាក្មេងបៀមដៃមិនដឹងអ្វីទាំងអស់នោះ គឺទទួលបាននូវសំណើចចំអកពីប្រជារាស្រ្តព្រោះតាមដងទន្លេមេគង្គក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ចាប់ពីព្រែកពោធិ៍ដល់ត្នោត,អូរឡេង។

ភាពជិតស្និទ្ធគ្នារវាងលោកចៅហ្វាយស្រុកស្រីសន្ធរស៊ឹម គង់ និងលោកឧកញ៉ាអ៊ាង ថៅកែរមណីយដ្ឋានកំសាន្តកោះស្នេហ៍អាចលាក់បាំង ពីប្រជារាស្រ្តនៅក្នុងមូលដ្ឋានបានទេ។

អាជ្ញាធរខេត្តកំពង់ចាម ពឹងអាងទៅលើចៅហ្វាយស្រុកស្រីសន្ធរជាភ្នែកច្រមុះក្នុងការផ្ដល់សេចក្តីសុខសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ប៉ុន្តែ ចៅហ្វាយស្រុកស្រីសន្ធរ មិនមែនជាអ្នកដែលផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋពេញលេញនោះទេ។ មានរឿងជាច្រើន ដែលលោកចៅហ្វាយស្រុក គាំទ្រផលប្រយោជន៍បុគ្គលអ្នក មានលុយច្រើនជាងផលប្រយោជន៍ ប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋាន។ យ៉ាងហោចណាស់មានរឿងចាក់ដីលុបទន្លេច្រើនករណីទៀតដែលកំពុងកើតឡើងនៅចុងច្រមុះរបស់លោកចៅហ្វាយស្រុកនេះឯង។

ងាកទៅអាជ្ញាធរខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់លោកអ៊ុន ចាន់ដា ឯណោះវិញ តើច្បាប់ស្ដីពីការគ្រប់ គ្រងទន្លេឬការរំលោភបំពានទន្លេយ៉ាងដូច្នេះ មិនមាន ការផ្ដន្ទាទោសទេឬ? បុគ្គលប្រព្រឹត្តល្មើសច្បាប់គួរតែត្រូវបានអនុវត្តទោសឲ្យបានពេញលេញ មិនមែនជាការផ្ដល់ឱកាសដើម្បីឲ្យអាជ្ញាធរថ្នាក់ក្រោម មានពេលវេលាក្នុងការបិទបាំងអំពើទុច្ចរិតរបស់ខ្លួននោះទេ។ រឿងរ៉ាវរបស់ជនប្រព្រឹត្តល្មើសច្បាប់ទាំងនេះ មិនមែនត្រូវបញ្ចប់
ដោយងាយៗយ៉ាងនេះឡើយពេញចិត្តមេឌានឹងបន្តតាមដានរឿងនេះថែមទៀត៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732/061881299