សង្គម

អភិបាលរាជធានីភ្នំពេញ ដាក់ចេញវិធានការបាញ់ថ្នាំមូសនៅតាមមូលដ្ឋានរបស់ពលរដ្ឋ ក្រោយកំណើនអ្នកជំងឺគ្រុនឈាម មានការកើនឡើងគួរឱ្យបារម្ភ

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅ ៦សប្តាហ៍កន្លងមកនេះ ជំងឺគ្រុនឈាម បានឆ្លងរាលដាលចំនួន ១០០០នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ ចំពោះបញ្ហានេះ លោក ឃួន ស្រេង អភិបាល​រាជធានីភ្នំពេញបានលើកឡើងថា តាមរយៈរបាយការណ៍ បង្ហាញថាជំងឺគ្រុនឈាម បានកើតគួរឲ្យព្រួយបារម្មណ៍ដែលទាមទារឲ្យយើងគ្រប់គ្នា មានវិធានការដោះស្រាយ ពិសេសគឺអនុវត្តវិធានការបាញ់ថ្នាំមូសនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ថ្នាំអាបែតសម្លាប់ដង្កូវទឹកជាដើម។

លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចុះពិនិត្យមើលមូលដ្ឋានរបស់ខ្លួន ពិសេសចំពោះទីតាំងដែលបង្ករលក្ខណៈឲ្យមូសអាចរស់នៅបាន ដើម្បីមានវិធានការកម្ចាត់មូសទាំងនោះចោល។ មន្ទីរសុខាភិបាល ត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើវិស័យសុខាភិបាល ពោលគឺធ្វើយ៉ាងណា កុំឲ្យជំងឺគ្រុនឈាមនេះ កើនឡើងថែមទៀត។

ជុំវិញបញ្ហានេះ ក្រោយពីមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាល បានបែងចែកក្រុមការងារជាន ៤ក្រុម ដើម្បីបាញ់ថ្នាំសម្លាប់សត្វមូស ដោយដំបូងនេះ នឹងបាញ់ថ្នាំសម្លាប់មូលនៅខណ្ឌចំនួន៤ រួមមានខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល៕