ខេត្តពោធិ៍សាត់: ដីនៅដែនជម្រកសត្វព្រៃ ភ្នំសំកុសស្ថិត នៅចំនុចស្រែអំពិលភូមិក្រពើ២ក្រោម ឃុំក្រពើ២ ស្រុកវាលវែង កំពុងប្រឈមនឹងហានិភ័យតាមរយៈឈ្មួញកំពុងឈុសឆាយដាំដំណាំផ្សេងៗ។ រីឯមួយចំនួនបានក្លាយទៅជាចំការធុរេនរួចទៅហើយ ។ ជាមួយគ្នានេះអាជ្ញាធរមូលដ្ឋានឃុំក្រពើ២អះអាងថា ដីទាំងនោះគឺប្រជាពលរដ្ឋកាន់កាប់ស្របច្បាប់ ។ ប៉ុន្តែមជ្ឃដ្ឋានមួយចំនួន បានលើកឡើងថា បើវាដីស្របច្បាប់ តើឯណាទៅដែលជាដីតំបន់អភិរក្សភ្នំសំកុសនោះ?។
ពាក់ព័ន្ធរឿងនេះ ក្រុមអ្នកសារព័ត៌មានបានជួបជាមួយ នឹងលោក ជា ណន មេការមើលការខុសត្រូវដំណាំទុរេននិងដីខាងលើ លោកមិនបាននិយាយអ្វីនោះទេ ដោយគ្រាន់តែឲ្យអ្នកសារព័ត៌មានទាក់ទង ទៅតាមរយៈលេខ ទូរសព្ទ១ខ្សែរ ដើម្បីឱ្យដឹងរឿងរ៉ាវខាងលើ។ នៅពេលដែលអ្នកសារព័ត៌មានទាក់ទងទៅ ម្ចាស់លេខទូរសព្ទខាងលើនេះ មិនបានបញ្ជាក់សញ្ញាណថា គាត់ជាម្ចាស់ ដី ហ្នឹងជាអ្នកប្រើប្រាស់គ្រឿងចក្រមកឈូឆាយដីនោះទេ គ្រាន់តែឆ្លើយជាមួយអ្នកសារព័ត៌មានថា ខ្ញុំជាប់រវល់ប្រជុំនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយបានបន្តទៀតថា ដីខ្ញុំធ្វើនោះដូចគ្មានខុសច្បាប់អ្វីនោះទេ ព្រោះខ្ញុំមានប្លង់រឹង និងប្លង់២៤៥ បើអ្នកសារព័ត៌មានចង់ជ្រាបច្បាស់សូមអញ្ជើញសួរទៅ អាជ្ញាធរស្រុកនិងឃុំ និងខាងបរិស្ថាននឹងដឹងហើយ។
លោកទេព កាញ់ មេឃុំក្រពើ២ ប្រាប់ថា អត់មានអ្វីខុសនោះទេ បើតាមមន្ត្រីជំនាញបរិស្ថាន និងមន្ត្រីរដ្ឋបាលស្រុកវាលវែង បានចុះមកពិនិត្យ កាលព្រឹកថ្ងៃ២១ ខែ កុម្ភៈ ឆ្នាំ២០២៤ ព្រោះដីនោះមានប្លង់រឹងស្របច្បាប់ ដែលបានវាស់វែងដោយនិស្សិត កាលពីឆ្នាំ២០១៣។ លោកបន្ថែមទៀតថា ដីនៅតំបន់នេះ ត្រូវបានកាត់ឆ្វៀលជូនពលរដ្ឋ ក្រៅពីប្លង់រឹងក៏នៅមានប្លង់២៤៥ដែរ។
ចំណែកលោកកុយ វណ្ណៈ នាយករដ្ឋបាលស្រុកវាលវែងបានថ្លែងមកកាន់ពេញចិត្តមេឌា អោយដឹងថា ដោយការចង្អុលបង្ហាញ ពីលោកវង្ស អេង អភិបាលស្រុកវាលវែង លោកបានចដល់ទីតាំងពិនិត្យជាក់ស្តែង ជាមួយនិងមន្ត្រីជំនាញបរិស្ថាន ឃើញថាមានការដាក់គ្រឿងចក្រឈួសឆាយពិតប្រាកដមែន ដែលមានទំហំផ្ទៃដីប្រហែល ៣០ទៅ៤០ហិចតា ហើយដីនោះបែងចែកជា២ គឺដីមានប្លង់រឹងប្រហែល៤០ភាគរយ និងដីក្រៅតំបន់គ្រប់គ្រង ឬដីប្លង់ទន់ ប្លង់២៤៥ មានប្រហែល៦០ភាគរយ។ លោកបានបន្ថែមទៀតថា ឈ្មោះម្ចាស់ពិតប្រាកដ មិនត្រូវបានគេអោយដឹងនោះទេ គឺបានស្គាល់តែមេការម្នាក់ឈ្មោះជា ណន ត្រូវបានគេអោយធ្វើជាតំណាងម្ចាស់ដី។
ចំពោះសំនួរដែលពេញចិត្តមេឌាសួរថា តើការដាក់គ្រឿងចក្រចូលឈួសឆាយបែបនេះ ត្រូវច្បាប់ឬខុសនិងច្បាប់ដែរឬទេ? លោកកុយ វណ្ណៈ បានបន្តថា ត្រូវឬខុសច្បាប់ ទុកអោយមន្ត្រីជំនាញសំរេច តែជាក់ស្តែងមន្ត្រីរដ្ឋបាល ពិតជាបានឃើញមានការដាក់គ្រឿងចក្រឈួសឆាយពិតប្រាកដមែន។
ចំណែកវុទ្ធី ប្រធានស្នាក់ការរង ថ្មសំលៀងនៃតំបន់ដែន ជម្រកសត្វព្រៃភ្នំសំកុសខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដាក់គ្រឿងចក្រឈួសឆាយ នៅចំនុចស្រែអំពិល មិនមានអ្វីខុសនេះទេ គឺដីគេមានប្លង់រឹងនិងប្លង់២៤៥ ។
ពាក់ព័ន្ធរឿងរ៉ាវខាងនេះ ពេញចិត្តមេឌា មិនអាចសុំការបកស្រាយ ពីលោកគង់ ពុទ្ធារ៉ា ប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់បានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
តាមការខ្សឹបខ្សៀវពីប្រជាពលរដ្ឋថា សកម្មភាពឈូសឆាយដីព្រៃនៅតំបន់ភ្នំសុំកុស នៅដែនជម្រកសត្វព្រៃនេះគឺជាការឃុបឃិតគ្នាជាប្រព័ន្ធទាំងមន្ត្រីអាជ្ញាធរនិងផ្នែកបរិស្ថាន។ ប្រភពបានបន្ថែមថា មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គឺជាអ្នកដែលរៀបចំផែនការឈូសឆាយយកដីនៅតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុសនេះដែលមានទំហំប្រមាណជាង៥០ហិចតា៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840742/061881299