សង្គម

ចែសក់ក្រហមបើកយុទ្ធនាការដឹកឈើចេញពីស្រុកអូរាំងធ្វើឲ្យក្រុមលោកសយ សំណាង នៃស្នាក់ការអូរប៉ាម ដេកយោលអង្រឹងបានលុយចាយស្រួល

មួយរយៈចុងក្រោយនេះសកម្មភាព នៃការដឹកឈើចេញពីស្រុកអូរាំង កាត់ស្រុកកែវសីមា ខេត្តមណ្ឌលគិរីបានកើតមានយ៉ាងសកម្មដោយមេឈ្មួញម្នាក់ឈ្មោះ ចែសក់ក្រហមដែលមានពាក់ព័ន្ធនឹងមន្ត្រីមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន នៃស្រុកអូរាំងនេះផង។ ប្រភពបានឲ្យដឹងថាមន្ត្រីបរិស្ថាននៅតាមស្នាក់ការដូចជា ស្នាក់ការរងអូរាំងលោក កេត ចន្ថា..និងស្នាក់ការអូប៉ាមកំពុងត្រូវ ប៉ាន់ជាមួយនឹងការដឹកជញ្ជូនឈើទាំងនោះ។

ចរាចរណ៍នៃការដឹកជញ្ជូនឈើ ឆ្លងកាត់ដែនជម្រកសត្វ ព្រៃកែវសីមាកើតមានជាហូរហែ ជាពិសេសជារៀងរាល់យប់ ដែលសព្វថ្ងៃនេះកំពុងស្រាក់ស្រាន្តដោយ ចែសក់ក្រហមដែលមានបងប្អូនជាមន្ត្រីមានសមត្ថកិច្ចនៅស្រុកអូររាំង។ អ្វីដែលជាភាពងាយស្រួលរបស់មន្ត្រីបរិស្ថាននៅតាមស្នាក់ការនោះគឺមន្ត្រីនៅស្នាក់ការរងអូរប៉ាម ហៅ ៦៤ គ្រាន់តែបង្ហាញវត្តមាននៅស្នាក់ការរៀងរាល់យប់នោះគឺបានលុយចាយ យ៉ាងសុខស្រួល។ វត្តមានទាំងប្រធានសយ សំណាង និងអនុប្រធានប្លុង ចាន់ឌឿន កំពុងកាក់កបសម្បើមជាមួយ នឹងបទល្មើសនៃការដឹក ជញ្ជូនឈើឆ្លងកាត់ដែនសមត្ថកិច្ចរបស់ខ្លួន។ គ្រាន់តែចែសក់ក្រហម មួយគឺថាគ្រប់គ្រាន់ណាស់ទៅហើយ។

តាមទម្លាប់ដូចសព្វដងលោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមិនមានចំណាត់ការចំពោះបញ្ហានេះឬត្រូវឲ្យកូនចៅបង្ក្រាបនោះទេ ពីព្រោះលោកក៏បានលាបសក្ការៈពីបញ្ហានេះដែរ។ លោកឆៅ ប៊ុនធឿន មើល ទៅហាក់ដូចជាមិនមានចេតនា ក្នុងការបង្ក្រាបបទល្មើស ព្រៃឈើនោះទេ។ ផ្ទុយទៅវិញលោកព្រួយបារម្ភខ្លាចមិនមានបទល្មើស បើមិនមានបទល្មើសនោះ គឺលោកមិនអាចប្រញាប់រូតរះសាងសង់លំនៅឋានឲ្យបានរួចរាល់លឿនរហ័សនោះឡើយ។ បញ្ហាបទល្មើស នៃការដឹក ជញ្ជូនឈើ នៅតែបន្តការមាននៅឯខេត្តមណ្ឌលគិរី ជា ពិសេសឈើដែលដឹកចេញពីតំបន់អភិរក្ស ដែលពេល នេះជាក់ស្ដែងគឺចែសក់ក្រហម កំពុងសម្រុកដឹកនៅក្នុងស្រុកឱរាំងនិងស្រុកកែវសីមា។

ប្រភពរាយការណ៍ថា ជារៀងរាល់យប់រថយន្តដឹកឈើតាមផ្លូវជាតិលេខ៧៦កាត់ស្នាក់ការអូរប៉ាមហៅ ៦៤តែង តែឈប់ចតដើម្បីបង់ប្រាក់ឲ្យលោកសយ សំណាង មិនហ៊ានខកខាន១ជើងណាឡើយ។ រវាងពួកឈ្មួញចាស់ វស្សានៅទីនោះ គឺចែសក់ក្រហម និងមន្ត្រីបរិស្ថានតាមស្នាក់ការ ចាប់ពីស្នាក់ការរងអូរាំងរបស់លោកកេត ចន្ថារហូតដល់ស្នាក់ការ៦៤សុទ្ធតែជាមនុស្សជិតស្និតនឹងគ្នា ដូច្នេះត្រូវចែកផលប្រយោជន៍ឲ្យគ្នា ដើម្បីបានរស់ស្រួលផង។ ក្រៅពីរថយន្តដឹកឈើពេលយប់ របស់ចែសក់ក្រហម ដែលគេចាត់ទុក ជាចំណីដ៏ឆ្ងាញ់ពិសា សម្រាប់មន្ត្រីឧទ្យានុរក្ស តាមបណ្ដាស្នាក់ការរងលើដងផ្លូវជាតិនោះ ក៏មានរថយន្តដឹកគ្រឿងសង្ហារឹមទាំងយប់ទាំងថ្ងៃ ដែលត្រូវចូលបង់ប្រាក់ឲ្យមន្ត្រីបរិស្ថាននោះផងដែរ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោកសយសំណាង ដែលធ្លាប់មានរឿងអាស្រូវបាញ់គោយន្តកន្ត្រៃដឹកឈើនៅស្នាក់ការចំបក់ ជាប់ព្រំប្រទល់ខេត្តក្រចេះពេលនេះកំពុងសម្ងំយកពិសជាមួយកូនចៅ នៅស្នាក់ការអូតប៉ាមឬ៦៤យ៉ាងត្រជាក់ចិត្ត។ នៅស្នាក់ការនេះ ត្រូវពួកមន្ត្រីបរិស្ថាននិយាយថា មានភាពងាយស្រួលជាងគេ ដោយសារតែពួកអ្នករកស៊ីមិនអាចគេចវាងផុតពីកណ្ដាប់ដៃ របស់មន្ត្រីបរិស្ថានទាំង នេះបានឡើយ។ ពួកមន្ត្រីបរិស្ថាន រួមទាំងលោកសយ សំណាង បង្ហាញវត្តមានតិចតួចនៅក្នុងស្នាក់ការ ប៉ុន្តែពួកឈ្មួញមិនអាចប្រថុយគេចមិនបង់ប្រាក់នោះបានឡើយ។ គេថា ចែសក់ក្រហម មិនអាចរំលងអស់លោក មន្ត្រីបរិស្ថាននៅស្នាក់ការអូប៉ាមនោះបានទេ។

គេរាយការណ៍ថា បទល្មើសនៃការដឹកជញ្ជូនព្រៃឈើនិងអនុផលព្រៃឈើ ក៏ដូចជាគ្រឿងសង្ហារឹមនៅតាមផ្លូវជាតិលេខ៧៦ បានកើតមានយ៉ាងសកម្ម ទាំងយប់ ទាំងថ្ងៃ ហើយវាជាប្រភពចំណូលដ៏ស្ងាត់ស្ងៀមរបស់លោកសយសំណាង,លោកកេត ចន្ថានិងសហការី។ រឿងនេះមិន មែនលោកប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវ សីមា និងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមិនដឹងនោះទេ។ ប៉ុន្តែនេះវាជា វប្បធម៌ នៃការចែករំលែកគ្នារវាងឈ្មួញ និងសមត្ថកិច្ចជាពិសេសក្រុមមន្ត្រីបរិស្ថាននៅតាមដងផ្លូវ។ គេថា មិនមែន តែលោកសយ សំណាងនិងសហការីទេ ដែលកាក់កបក្នុងនោះលោកកេត ចន្ថា ប្រធានស្នាក់ការរងអូររាំងក៏កាក់កបដូចគ្នានេះដែរ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732)061881299