សង្គម

នាយករដ្ឋមន្ត្រីបញ្ជាឲ្យពង្រីកការត្រួតពិនិត្យគ្រឿងញៀនទៅលើមន្ត្រីរាជការទាំងអស់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញបទបញ្ជារៀបចំធ្វើតេស្តគ្រឿងញៀនលើមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយអនុវត្តដូចគ្នានឹងកងកម្លាំងប្រដាប់អាវុធដែរ ហើយប្រសិនបើរកឃើញថាមន្ត្រីរាជការ និងកងកម្លាំងណាម្នាក់មានប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង នោះឡើយ។

សម្ដេចបានថ្លែងនៅក្នុងពិធីបិទសន្និបាតអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀននៅរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយថាវិធានការថ្មីនេះនឹងពង្រីកទៅកាន់មន្ត្រីរាជការទូទាំងប្រទេស បន្ទាប់ពីបានពិនិត្យលើមន្ត្រីនគរបាល ទាហាន ឃើញមានប្រសិទ្ធភាព។ សម្ដេចថានេះគឺជាវិធីបោសសម្អាតផ្ទះឲ្យកាន់តែស្អាត។

សម្ដេចថា៖ «ខ្ញុំថាកាប់បន្លាកាប់អោយដាច់បើកាប់មិនដាច់វានឹងមុតយើង»។

សម្ដេចធិបតីបានលើកឡើងថា មន្ត្រីរាជការគឺជាមន្ត្រីគំរូ ហើយបើមន្ត្រីគំរូមានពាក់ព័ន្ធទៅនឹងគ្រឿងញៀនហើយមិនគួរទុកនៅក្នុងតួនាទីនោះទេ។

ក្រៅពីបណ្ដេញចេញពីតួនាទីហើយសម្ដេចក៏បានបញ្ជាទៅកាន់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងមុខងារសាធារណៈ ឱ្យមានវិធានការក្នុងការធានាថាមន្ត្រីដែលបានបណ្ដេញចេញពីការងារនឹងមិនអាចចូលទៅធ្វើការនៅកន្លែងណាមួយរបស់រដ្ឋទៀតនោះទេ៕