សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជ្រាបជាព័ត៌មាន លោកវរសេនីយ៍ឯក ស្រេង ធារី ដែលទើបប្រកាសតែង តាំងមុខតំណែងជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្ដម សេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ កំពុងផ្គើននិងអនុវត្តផ្ទុយ ពីគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្ដីណែនាំសួងមហាផ្ទៃ ដែលតែងតែក្រើនរំលឹកជារឿយៗ នាពេលកន្លងមក ហាក់ដូចជាពុំមានប្រសិទ្ធិភាពនោះទេ។
ប្រហែលជានៅស្ថាប័នអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឧត្ដមសេនីយ៍ឯក សុខ វាសនា រកមិនទាន់ឃើញមន្ត្រី អ្នកដែលស្អាតស្អំ គោរពទៅតាមច្បាប់,អនុវត្តទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល និងការ ណែនាំរបស់ក្រសួងមហាផ្ទៃ នៅឡើយទេមើលទៅ បានជាឃើញតែងតាំងតែនាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទា្វរអន្តរជាតិជាតិអូរស្មាច់ មកប្រមូលតែប្រយោជន៍ពីប្រជាពលរដ្ឋ ពលករឆ្លងដែននិងអាជីវកររកស៊ីចេញ ចូលកម្ពុជាថៃ រហូតក្លាយទៅជាទម្លាប់គ្រប់ជំនាន់មេប៉ុស្តិ៍អន្តោប្រវេសន៍ ដែលមកកាន់តំណែងមេៗច្រកទ្វារអន្តរជាតិអូរស្មាច់នេះ។ ប្រជាពលរដ្ឋដែលឆ្លងដែននៅទីនេះនិយាយថា នរណាក៏ដូចនរណាដែរ មកនៅទីនេះគឺដូចតែគ្នាដោយកៀបសង្កត់ប្រជាពលរដ្ឋដើម្បីប្រមូលលុយ។
មានសេចក្តីរាយការណ៍មកថា នគរបាលអន្តោប្រវេសន៍បានប្រមូលប្រាក់លើគ្រប់មធ្យោបាយដឹកជញ្ជូននិងបើក ភ្លើងខៀវឲ្យមានបទល្មើស ផ្ទុយនិងច្បាប់រដ្ឋឆ្លងដែន ដូច ជាការបើកឲ្យមានអាជីវកម្មធ្យូងឆ្លងដែន រៀងរាល់ថ្ងៃ ក្រោយពីដឹកពេញៗរថយន្ដមិនបាន មកដឹកបំបែកតិចៗ ១០ទៅ ២០ការ៉ុង ជញ្ជូនរាប់សិបជើងក្នុង១ថ្ងៃៗ ដូចកណ្ដៀរវិញម្ដង និងប្រមូលប្រាក់ពីរថយន្ដដឹកទំនិញចេញចូលគ្រប់ប្រភេទ និងក្បាលរថយន្ដដឹកកសិកផលដំឡូងមី។ ក្រៅពីនោះគឺប្រមូលប្រាក់ពីពលករ និងពលរដ្ឋចេញ-ចូលកម្ពុជាថៃ តាមរយៈការបោះត្រាលើសៀវភៅឆ្លងដែន និងប៉ាស្ទ័រ ក្នុងម្នាក់១០០បាត,បោះត្រាចេញ១០០បាត,បោះត្រាចូល១០០បាត។
ជាក់ស្ដែងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រជាពលរដ្ឋ និងពលករឆ្លងដែនកម្ពុជាថៃ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ បានប្រាប់អ្នកកាសែតដឹងថា មន្ត្រីនគរបាលអន្តោ ប្រវេសន៍ បានយកប្រាក់ពីពួកគាត់ក្នុងម្នាក់១០០បាត ជាថ្នូរនិងការបោះត្រាលើសៀវភៅព្រំដែន និងប៉ាស្ព័របោះ ត្រាចេញ ១០០បាត និងបោះត្រាចូល ១០០បាត ដែលក្នុង១ថ្ងៃៗមានពលករ និងប្រជាពលរដ្ឋរាប់រយនាក់ បានឆ្លងដែនក្នុង១ថ្ងៃៗ ដែលបានរងគ្រោះអស់ប្រាក់។
នគរបាលអន្តោប្រវេសន៍ បានប្រមូលប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុង១ថ្ងៃៗ យកទៅសោយសុខជាមួយបក្សពួកនិងសង្គមគ្រួសារ លើគំនរទុក និងញើសឈាមរបស់ប្រជាពលរដ្ឋ និងពលករខ្មែរ។ ការប្រមូលប្រាក់ដោយខុសនិងច្បាប់ពីពលករ និងប្រជាពលរដ្ឋ រស់នៅតាមព្រំដែន ពីសំណាក់នគរបាល អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ កំពុងប្រព្រឹត្តទៅយ៉ាងរលូន និងកាក់កបខ្លាំងណាស់។
ជុំវិញករណីខាងលើ លោក បញ្ញា រឹទ្ធ ប្រធានស្នាក់ការ ច្រកទ្វាអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា ខាងលោកនឹងកោះប្រជុំបន្ទាន់មួយ ជាមួយនិងជំនាញ។ មហាជនរង់ ចាំមើលថា តើការកោះប្រជុំ របស់លោក បញ្ញារឹទ្ធ មាន ប្រសិទ្ធភាពប៉ុនណា អាចកែទម្រង់បានដែរអ្វីខ្លះឬទ? ចំណែក លោកវរសេនីយ៍ឯក ចាប វណ្ណៈ នាយរងប៉ុស្តិ៍ស្ដីទី បានឲ្យដឹងតាមតេឡេក្រាមថា ពួកគាត់មិនបានទាមទាទេ គឺជាសណ្ដានចិត្ដរបស់ប្រជាពលរដ្ឋនិងពួកឈ្មួញ ដែលជាទឹកចិត្ដមនោសញ្ចេតនា មិនមានការបង្ខិតបង្ខំនោះទេ ៕