សង្គម

ចៅក្រមដោះលែង លោក ង៉ាម រី អតីតស្នងការរងខេត្តកំពង់ស្ពឺ បន្ទាប់ពីចំណាយលុយយ៉ាងច្រើន

ខេត្តកំពង់ស្ពឺ ៖ យោងតាមមន្ត្រីពន្ឋនាគារខេត្ត បានបង្ហើបប្រាប់ថា លោក ង៉ាម រី ហៅ ឃុត វឌ្ឍនា ត្រូវបានចៅក្រមដោះលែង អោយមានសេរីភាពវិញហើយ បន្ទាប់ពីចំណាយលុយអស់យ៉ាងសន្ធឹកសន្ធាប់រួចមក។

លោក ង៉ាម រី ជាស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ត្រូវបានចោទប្រកាន់ពីបទ ទ្វេពន្ធភាព បន្ទាប់ពីលោកបានក្លែងឯកសារ លួចទៅរៀបការជាមួយនារីម្នាក់ នៅសង្កាត់កណ្តោលដុំ ក្រុងច្បារមន។

សូមរំលឹកថា លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរង ទទួលផែនអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារខេត្តកំពង់ស្ពឺ តាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោក ង៉ាម រី ត្រូវបានចោទប្រកាន់ ពីបទ ទ្វេពន្ធភាព។

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ឃុត វឌ្ឍនា ហៅ ង៉ាម រី ត្រូវបានចាប់ខ្លួនកាលពីព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមបណ្តឹងរបស់ភរិយាដើមរបស់លោក។

លោកឧត្តមសេនីយ៍ត្រី ឃុត វឌ្ឍនា ហៅ ង៉ាម រី ត្រូវភរិយាដើម ដាក់ពាក្យប្តឹង បន្ទាប់ពីលោកបានក្លែងឯកសារ ហើយរៀបការជាមួយនារីម្នាក់ទៀត ដែលជាអាជីវករលក់បាយ នៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមិនទាន់បានលែងលះដាច់ស្រេច។ នៅក្នុងឯកសារក្លែង លោក ង៉ាម រី បានប្តូរឈ្មោះពី ង៉ាម រី ទៅជា ឃុត វឌ្ឍនា និងបានបញ្ជាក់ភាពពោះម៉ាយ ដោយលោក ហែន កន ចៅសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ហៅ ឃុត វឌ្ឍនា ត្រូវបានឯកភាពឱ្យរៀបអាពាហ៍ពិពាហ៍ជាមួយនារីម្នាក់ ដែលជាភរិយាក្រោយ ដោយលោកចៅសង្កាត់កណ្តោលដុំ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ហើយពិធី នឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះខាងស្រី ក្នុងភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ប៉ុន្តែពិធីមង្គលនេះ ត្រូវបានអាក់ខានទៅវិញ ក្រោយរោងការគ្មានកូនកំលោះ គ្រាដែលភ្ញៀវយ៉ាងច្រើន ត្រូវបានគោរពអញ្ជើញរួចរាល់ លើកលែងតែមន្ត្រីនគរបាល នៅក្នុងអង្គភាព រួមទាំងលោកស្នងការផងដែរ ដែលមិនត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ។ រោងការដែលសង់ឡើងយ៉ាងត្រដែត នៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងសង្កាត់កណ្តោលដុំ ត្រូវបានរុះរើយ៉ាងតក់ក្រហល់ទៅវិញ ក្រោយកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននាំខ្លួនកូនកំលោះ មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីសាកសួរពាក់ពន្ធ័និងបណ្តឹងរបស់ភរិយាដើម។

ជុំវិញករណីនេះ មហាជន នៅតែរង់ចាំមើលថា តើដំណើរការនីតិវិធីរបស់តុលាការ និងការអនុវត្តអភិក្រមរបស់ក្រសួងមហាផ្ទៃ ថាចាត់ការយ៉ាងណា ចំពោះលោកឧត្តមសេនីយ៍ត្រីង៉ាម រី ហៅ ឃុត វឌ្ឍនា រូបនេះ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732/061881299