សង្គម

ម្ចាស់ទំព័រហ្វេសប៊ុក វិញ្ញាសារត្រៀមប្រឡងបាក់ឌុប ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន ក្រោយប្រើប្រាស់ឡូហ្គោក្រសួងអប់រំ

តាមរយៈសំណើរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ និងដោយមានការអនុញ្ញាតពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល​និង​ផ្សព្វផ្សាយ​អប់រំ​ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងស្វែងរកអត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុក ដែលបានផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ រហូតឈានដល់កោះហៅបុគ្គលជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” ឱ្យចូលខ្លួនមកបំភ្លឺនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ជាលទ្ធផល បុគ្គលនេះបានសារភាពថា ខ្លួនពិតជាបានផ្សព្វផ្សាយរូបភាពវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ លើទំព័រហ្វេសប៊ុកឈ្មោះ “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” ពិតមែន ហើយរាល់ឯកសារដែលបានយកផ្សព្វផ្សាយនោះខ្លួន ទទួលបានពីប្រភពមិនច្បាស់ដែលបានចែកចាយលើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម។ បុគ្គលរូបនេះបានសារភាពបន្ថែមថា រាល់ការបង្ហោះឯកសារពាក់ព័ន្ធខាងលើ ខ្លួនមានចេតនាប្រើប្រាស់ទាញយកប្រជាប្រិយភាពមកលើទំព័រហ្វេសប៊ុក “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” របស់ខ្លួន ឱ្យសាធារណជនកាន់តែមានការចាប់អារម្មណ៍ច្រើនឡើង ទុកសម្រាប់ប្រើប្រាស់បង្កើនចំណូលតាមរយៈការធ្វើអាជីវកម្មលក់សៀវភៅ និងកំណែវិញ្ញាមុខវិជ្ជាសិក្សាផ្សេងៗដែលខ្លួនដាក់លក់លើទំព័រហ្វេសប៊ុកខាងលើនេះ។

ក្រោយពីបានសាកសួរបំភ្លឺ បុគ្គលរូបនេះ បានទទួលស្គាល់នូវកំហុស ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងបានថតវីដេអូឃ្លិបសុំទោសក្រសួងអប់រំ យុវជន និងកីឡា នៅចំពោះមន្ត្រីនគរបាលយុត្តិធម៌ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក។

ក្នុងន័យនេះ ក្រសួងអប់រំ យុវជន​ និងកីឡា សូមធ្វើការក្រើនរំលឹកដល់សាធារណជនទូទៅមេត្តាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយទំនួលខុសត្រូវខ្ពស់ ដោយមិនត្រូវចែករំលែកនូវឯកសារ ព័ត៌មាន រូបភាព វីដេអូ ដែលគ្មានប្រភពច្បាស់លាស់ និងកុំប្រើប្រាស់និមិត្តសញ្ញា (logo) របស់អង្គភាពរដ្ឋាភិបាលដោយគ្មានការអនុញ្ញាត៕