សង្គម

ជំទប់ទី១ឃុំស្ដៅ ស្រុកកងមាស ឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានជីករណ្ដៅដីខុសបទដ្ឋានបច្ចេកទេស 

ក្រុមអ្នកកាសែតបានទៅយកព័ត៌មានដោយផ្ទាល់ និងឃើញសកម្មភាពគ្រឿងចក្រជាច្រើន កំពុងកាយដីយកអាចម៍ដីដោយខុសបទដ្ឋានបច្ចេកទេស សង្ស័យគ្មានច្បាប់ទម្លាប់។ ប្រភពរាយការណ៍ថា លោកនង ប៊ុនថន ជំទប់ទី១ ឃុំស្តៅ កំពុងប្រើគ្រឿងចក្រកាយដីបឹងកក់ ស្ថិតនៅភូមិ៨ និងភូមិ៩ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម សង្ស័យមានការឃុបឃិតរបស់អាជ្ញាធរមូលដ្ឋាន ស្រុកកងមាស ជាមួយលោកនង ប៊ុនថន បណ្ដោយឱ្យធ្វើអាជីវកម្មអាចម៍ដីដោយសេរី ដោយគ្មានអាជ្ញាធរពាក់ព័ន្ធណាចុះមកគ្រប់ពិនិត្យនោះឡើយ។

តាមការលើកឡើងរបស់ពលរដ្ឋក្នុងមូលដ្ឋាន បានរៀប រាប់ឱ្យដឹងថា លោកនង ប៊ុនថន ជំទប់ទី១ឃុំស្ដៅ បានធ្វើអាជីវកម្មអាចម៍ដីកាយដីបឹងកក់នេះ រយៈពេលពីរបីឆ្នាំមកហើយ និងមានការរំលោភយកដីចំណីបឹងធ្វើជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួនទៀតផង។ ប៉ុន្តែមិនឃើញមានមន្ត្រីសមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធណាចុះមកត្រួត ពិនិត្យនោះឡើយ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរថ្នាក់ស្រុកក៏ដូចជាស្ថាប័នជំនាញ នាំឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានមន្ទិលសង្ស័យថាពួកគេត្រូវរកគ្នាអនុញ្ញាតឲ្យលោកជំទប់ទី១ឃុំស្ដៅធ្វើសកម្មភាព ដោយមិនបាច់មានច្បាប់ទម្លាប់អ្វីនោះទេ។

ការធ្វើអាជីវកម្មរបស់លោកនង ប៊ុនថន នេះធ្វើឱ្យប៉ះ ពាល់ទៅលើផ្លូវថ្នល់,សុខភាព របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងខ្លាំង ដោយផ្លូវខ្លះត្រូវបានពលរដ្ឋលើក ឡើងថា ពិបាកក្នុងការធ្វើដំណើរណាស់ បើមិនស្រោច ទឹកគឺហុយដីងងឹតមេឃងងឹតដីហើយ បើស្រោចទឹកវិញគឺរអិល ពិបាកធ្វើដំណើរខ្លាំងណាស់ ជាពិសេសការដឹក ជញ្ជូនអាចម៍ដីទាំងនោះ គឺមិនធ្វើតាមបទដ្ឋានបច្ចេក ទេសនោះឡើយ ដោយរថយន្តទាំងនោះដឹកដីមិនដែលគ្របនោះទេ និងបើកបរនៅក្នុងភូមិមានល្បឿនលឿនទៀតផង។ ប្រជាពលរដ្ឋព្រួយបារម្ភអំពីសុវត្ថិភាពទាំងបញ្ហាសុខភាពនិងគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែអាជ្ញាធរមូលដ្ឋានហាក់ដូចជា មិនបានគិតគូរអំពីបញ្ហានេះទេ។

លោកនង ប៊ុនថន ជំទប់ទី១ឃុំស្ដៅ និងជាម្ចាស់រណ្ដៅដីផងនោះ អះអាងថា ការជីករណ្ដៅដីនោះគឺលោកមាន ច្បាប់អនុញ្ញាតត្រឹមត្រូវ។ យ៉ាងណាក៏ដោយ លោកមិន បានបង្ហាញលិខិតអនុញ្ញាត ដែលជាច្បាប់ទម្លាប់ឲ្យអ្នក កាសែតបានឃើញនោះទេ។ ចំណុចនេះហើយដែលធ្វើ ឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា វាគ្រាន់តែជាការស៊ីសស៊ុះត្រូវរូវគ្នានៅថ្នាក់ស្រុក ឬអាជ្ញាធរមូលដ្ឋានឃុំតែប៉ុណ្ណោះ។ 

រីឯលោក ភោគ សាវុធ អភិបាលស្រុកកងមាសបានថ្លែងថា រឿងនេះមានលេចឮថាលោកជំទប់ទី១ បានសុំច្បាប់ពីស្ថាប័នជំនាញថ្នាក់ខេត្តកាលពីឆ្នាំមុន ប៉ុន្តែមិនដឹងថា មានសុពលភាពដល់សព្វថ្ងៃនេះដែរ ឬយ៉ាងណានោះទេ។ ជាងនេះទៅទៀត បញ្ហាជីករណ្ដៅដីយកធ្វើស្រះនោះលោកអភិបាលស្រុកនឹងបញ្ជាកម្លាំងដើម្បីឲ្យទៅចុះត្រួតពិនិត្យមើលជាក់ស្ដែងនៅក្នុងពេលឆាប់ៗខាងមុខ នេះហើយ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299