សង្គម

ដីព្រែករបស់រដ្ឋមួយកន្លែងនៅសង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ត្រូវបានឈ្មួញចាក់ដីលុបយកធ្វើជាកម្មសិទ្ធិ

ខេត្តកណ្តាល៖ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកលួងក្រុងអរិយក្សត្រ បានលើកឡើងថា ដីព្រែក១កន្លែងត្រូវឈ្មួញចាក់ដីលុបយកធ្វើជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួនដោយស្ងាត់ៗបំផុត។ ដីខាងលើនេះ ស្ថិតនៅភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រនៃខេត្តកណ្តាល។ រីឯអាជ្ញាធរមូលដ្ឋានសង្កាត់,ក្រុង បានបង្ហាញការភ្ញាក់ផ្អើលផងដែរអំពីបញ្ហានេះប៉ុន្តែហាក់មិនទាន់មានចំណាត់ការឲ្យបានក្តៅនៅឡើយ។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ជារៀងរាល់រដូវបុណ្យភ្ជុំបិណ្ឌ នៅតំបន់ព្រែកខាងលើនេះ មានប្រជាពលរដ្ឋបាននាំគ្នាអុំទូកប្រណាំងគ្នាតាម ប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំ។ ហើយដីព្រែកខាងលើនេះត្រូវបានគេដឹងថា ក្រុមហ៊ុនហ្គេនស្បើកជាអ្នកទិញពីប្រជាពលរដ្ឋមួយក្តាប់តូចដែលឃុបឃិតបិទបាំងដោយមន្ត្រីមូលដ្ឋាន។ ប្រភពបានបន្ថែមថា ពួកឈ្មួញមានលុយបានទិញទឹកចិត្តមន្ត្រីមូលដ្ឋានថ្នាក់ ក្រោមឲ្យជួយបិទបាំងសកម្មភាពចាក់ដីលុបព្រែកសាធារណរបស់រដ្ឋ១កន្លែងនេះ។ ប៉ុន្តែមិនដឹងថា តើរឿងនេះមានពាក់ ព័ន្ធជាមួយអភិបាលខេត្តកណ្ដាល លោកគង់ សោភ័ណ្ឌ និងចៅហ្វាយក្រុងអរិក្សត្រដែលឬយ៉ាងណានោះទេ?

ប្រជាពលរដ្ឋរស់សង្កាត់ព្រែកលួងនៅតែមានចម្ងល់ថា ហេតុអ្វីបានជាប្រជាពលរដ្ឋមួយក្តាប់តូចនោះមានសិទ្ធិលក់ទ្រព្យសម្បត្តិរបស់រដ្ឋបានយ៉ាងរលូន ដោយមិនមានទោសទណ្ឌទៅវិញ? ហើយអ្នកចុះហត្ថលេខាលើលិខិតស្នាមអោយឈ្មួញគិតយ៉ាងមុិចដែរ?នេះជាការលើកឡើងពីប្រជាពលរដ្ឋខាងលើ។ រហូតមកដល់ពេល នេះទាំងអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋមួយក្តាប់តូចព្យាយាមបិទបាំងករណីលក់ដីព្រែកសាធារណៈមួយកន្លែងនេះដោយគ្រាន់តែនិយាយថា មិនដឹងៗ។ ប៉ុន្តែជាទូទៅជាពលរដ្ឋនៅព្រែកលួងបានដឹងថា ដីព្រែកមួយកន្លែងនេះត្រូវបានអាជ្ញាធរលក់ទៅឲ្យក្រុមហ៊ុនស្រាបៀរហ្គេនស្បើករួចទៅហើយ។

ក្នុងករណីនៃការលើកឡើងខាងលើនេះ លោកចៅ សង្កាត់ព្រែកលួង មិនអាចសុំការពន្យល់បាន ។ ចំណែក លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្របានឆ្លើយតបជាមួយអ្នកកាសែតតាមប្រពន្ធ័ផ្សព្វផ្សាយតេឡេក្រាមនៅរសៀលថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០២៤នេះថា លោកនឹងចាត់ការទៅលើអ្នកពាក់ព័ន្ធក្នុងករណីការរំលោភយកដីព្រែកខាងលើនេះមកវិញ។ ចំពោះវិធានការទោសទណ្ឌយ៉ាងណានោះអាស្រ័យទៅលើច្បាប់ដែលបានកំណត់។យ៉ាងណាក៏ដោយលោកអភិបាលក្រុងអរិយក្សត្រស្នើឲ្យអ្នកកាសែតទៅមើលទិដ្ឋភាពផ្ទាល់មនៃដីព្រែក១កន្លែងនោះថាតើវាយ៉ាងណាទៅហើយ។

ប្រជាពលរដ្ឋនៅសង្កាត់ព្រែកព្រែកលួងក្រុងអរិយក្សត្ររិះគន់ក្រុមហ៊ុនស្រាបៀរហ្គែនស្បើកដែលមានលុយ ប៉ុន្តែមិនអាចទិញដី១កន្លែងណាដែរស្របច្បាប់ដើម្បីយកមកប្រើប្រាស់បាននោះ។ មិនគួរមានលុយទៅទិញដីដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនក្តៅក្រហាយ ឬដីមិនស្រប ច្បាប់យ៉ាងដូច្នេះទេ។ ឬជាការឃុបឃិតរវាងអាជ្ញាធរនិងក្រុមហ៊ុនដើម្បីបានដីក្នុងតម្លៃមួយដែលថោក?

សារព័ត៌មានយើងនៅតែរងចាំមើលវិធានការរបស់សាលាក្រុងអរិយក្សត្រលើបញ្ហាខាងលើ និង អ្នកពាក់ពន្ធ័ដោយយកចិត្តទុក្ខដាក់បំផុត។ សារព័ត៌មានយើងនឹងរងចាំការស្រាយបំភ្លឺជូនអ្នកពាក់ព័ន្ធនូវរៀងរាល់ម៉ោងធ្វើការ ។

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299