(តាកែវ)៖ សំណង់អាហារដ្ឋានគ្មានច្បាប់មួយកន្លែងស្ថិតក្នុងភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសចុះធ្វើការផ្អាកដំណើរការលក់ដូរជាបន្ទាន់ បន្ទាប់ពីពិនិត្យមើលសំណង់នេះឃើញថាគ្មានគុណភាពបច្ចេកទេសត្រឹមត្រូវ។
កាចុះផ្អាកនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ដឹកនាំដោយលោក ញ៉ែម ស្រស់ និងមានការចូលរួមពីប្រធានការិយាល័យភូមិបាលស្រុកព្រៃកប្បាសផងដែរ។
លោក ញ៉ែម ស្រស់ បានឲ្យដឹងថា មុនឈានដល់ការបិទអាហារដ្ឋានមួយនេះ លោកបានចុះពីនិត្យ២ដងរួចហើយ គឺឃើញថា សំណង់នេះគ្មានច្បាប់សាងសង់ ខុសលក្ខណៈបច្ចេកទេសទាំងស្រុង ដូច្នេះដើម្បីធានាមិនឲ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋ គឺលោកសំរេចឲ្យម្ចាស់ទីតាំងបិទជាបន្ទាន់ និងត្រូវសាងសង់ទៅតាមក្រុមមន្រ្តីជំនាញដាក់ជូនវិញ។
ជុំវិញករណីខាងលើនេះ ពលរដ្ឋរស់នៅក្នុងស្រុកព្រៃកប្បាសបានសម្ដែងការហួសចិត្ត ទៅលើលោក ឆុង ផូ ប្រធានភូមិបាលស្រុកព្រៃកប្បាសថា មិនបានបើកភ្នែកមើលសំណង់នេះតាំងតែពីដំបូងមកទេ ទាល់តែគ្នាសង់រួចរាល់និងបានសម្ភោធដំណើរការអាជីវកម្ម ទើបថាខុសបច្ចេកទេស គ្មានច្បាប់អនុញ្ញាតិ និងបិទអាជីវកម្មគ្នាទៅវិញ។
ពលរដ្ឋបាននាំគ្នារិះគន់ ប្រធានភូមិបាលស្រុកព្រៃកប្បាសរូបនេះថា មានភាពមិនប្រក្រតីជាច្រើនករណី ដូចជារឿងប្រព្រឹត្តអំពើពុករលួយរឿងសាងសង់សំណង់ដែលត្រូវបង់លុយឲ្យគាត់ចាប់ពី១៧០ដុល្លារដល់២០០ដុល្លារ។ ជាក់ស្ដែងសំណង់នៅផ្សារជ្រែ ស្ថិតនៅឃុំអង្កាញ់ ម្ចាស់ផ្ទះបាននិយាយថា គេបានឲ្យលុយលោក ឆុង ផូ ចំនួន២០០ដុល្លាររួចហើយ និងបានធានាឲ្យគាត់សង់ផ្ទះ តែពេលសង់ជិតរួច បែរជាលោកអភិបាលស្រុកបញ្ជាឲ្យចុះផ្អាកការសាងសង់ទៅវិញ។
ជាមួយគ្នានេះ ពលរដ្ឋស្នើរដល់លោក នួន សុធា ប្រធានសំណង់ និងមន្ទីរសុរិយោដីខេត្តតាកែវ សូមមេត្តាបើកការស៊ើបអង្កេតលើលោក ឆុង ផូ ខាងលើនេះផង ដើម្បីជៀសវាងកើតរឿងធំជាងនេះ៕