ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការទាំងអស់នៃក្រសួងព័ត៌មាន សូមផ្ញើសារអបអរសាទរ និងជូនពរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងឱកាសដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងា «កិត្តិសង្គហបណ្ឌិត»។
ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំមានសេចក្តីរំភើបរីករាយដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរចំពោះ «ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត» ដែលបានទទួលព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមអំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ពិតជាស័ក្តិសមយ៉ាងប្រត្យក្ស ដោយទទួលបាននូវគោរមងារដ៏វិសេសវិសាលខាងលើនេះ ដែលជានិច្ចកាល ឯកឧត្តមជាឥស្សរជនជាតិដ៏គត់មត់ បានចូលរួមដឹកនាំប្រជាជាតិកម្ពុជា ស្ថិតក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ សង្គមជាតិបានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ជាពិសេសបានចូលរួមការពារសន្តិសុខ និងសុវត្ថិភាព១០០ភាគរយ ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារទាំងមូល។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ជាថ្មីម្ដងទៀត យើងខ្ញុំសូមជូនពរជ័យ និងសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមជួយបីបាច់ ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រី និងចៅៗជាទីស្រឡាញ់ សូមមានអាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ និងសូមសម្រេចបានជោគជ័យត្រចះត្រចង់ គ្រប់ភារកិច្ចបម្រើជាតិ និងមាតុភូមិ៕