ខេត្តកំពង់ចាម÷ នៅថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចុះត្រួតពិនិត្យកងកម្លាំង និងត្រួតពិនិត្យលើសម្ភារៈ មធ្យោបាយក្នុងស្រុកចំនួន០៤ មានស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកជើងព្រៃ និងស្រុកបាធាយ ព្រមទាំងបានធ្វើការណែនាំលើការអនុវត្តវិធានការជំនាញមួយចំនួន និងពិសេសលើកិច្ចការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក្នុងកម្មវិធីរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាពេលខាងមុខនេះ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានយកចិត្តទុកដាក់ខ្ពស់ អញ្ជើញចុះត្រួតពិនិត្យលើការស្នាក់នៅ និងការផ្គត់ផ្គង់ម្ហូបអាហារដល់កងកម្លាំងអន្តរាគមន៍ពិសេស ដែលត្រូវបានផ្លាស់ប្ដូរវេណប្រចាំការ ២៤/២៤ម៉ោង ទៅនៅតាមបណ្ដាប៉ុស្តិ៍ និងតាមបណ្ដាអធិការដ្ឋាន ដើម្បីធានានូវប្រសិទ្ធភាពក្នុងការ ការពារ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងបានឆ្លៀតឱកាស អញ្ជើញចុះត្រួតពិនិត្យអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួន ដែលបាននឹងកំពុងកសាងថ្មី និងអាគារមួយចំនួនទៀតគ្រោងនឹងធ្វើការជួសជុលកែលម្អរ សោភ័ណ្ឌភាពឡើងវិញ ផងដែរ ៕