ករណីឃាតកម្មដ៏សាហាវទាំងកណ្តាលរាត្រីថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០២៤ នៅខណ្ឌសែនសុខ ខណៈដែលបុរសម្នាក់បានបាញ់សម្លាប់នារីជាអតីតសង្សារ រួចបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយនោះ មានសេចក្ដីរាយការណ៍ថា មុន២ថ្ងៃនៃសោកនាដកម្មនេះ នារីជាអតីតសង្សារបានធ្វើកិច្ចព្រមព្រៀងបញ្ចប់វិវាទបញ្ឈប់ខាងប្រុសពីការតាមរំខាន ព្រោះចង់កសាងអនាគតថ្មី។
តាមរយៈកិច្ចព្រមព្រៀងបញ្ចប់វិវាទ បានឱ្យដឹងថា ៖ លោក ទូច វឌ្ឍនៈ និងលោកស្រី អែម សុវីដែត បានមានទំនាក់ទំនងមនោសញ្ចេតនាជាមួយគ្នា តាំងពីឆ្នាំ២០២២ រហូតមក។ ដោយសារមានការភ័ន្តច្រឡំហើយមិនអស់ចិត្តទើបលោក ទូច វឌ្ឍនៈ តាមជួប និងសុំលោកស្រី អែម សុវីដែត ជានាគ្នាវិញជារឿយៗ រហូតដល់មានជម្លោះកើតឡើងជាច្រើន ដែលនាំឱ្យភាគីទាំងពីរបានមានការប៉ះពាល់ដល់កេរ្តិ៍យស និងសេចក្ដីថ្លៃថ្នូរវាងគ្នានិងគ្នាផងដែរ។ កិច្ចព្រមព្រៀង ដដែលបានឱ្យដឹងបន្តថា លោក ទូច វឌ្ឍនៈ និងលោកស្រី អែម សុវីដែត បានដោះស្រាយបញ្ហាយល់ច្រឡំ ចំពោះគ្នារួចរាល់ ទើបភាគីទាំងពីរសម្រេចចិត្តបញ្ចប់វិវាទនឹងគ្នា ដោយសន្តិវិធី និងដោយការប្ដេជ្ញាចិត្តថា មិននាំបញ្ហាដល់ភាគីណាបន្តទៀតឡើយ។ បន្ទាប់ពីជជែកពិភាក្សា និងចរចាជាមួយគ្នាលម្អិតរួចមក ភាគីទាំងពីរបានឯកភាពព្រមព្រៀងគ្នាបញ្ចប់វិវាទរវាងគ្នានិងគ្នា ដោយជាក់លាក់ ពិតប្រាកដ និងសេរី។
យោងតាមសំដីរបស់ម្តាយនារីរងគ្រោះ បានឱ្យដឹងថា ជនសង្ស័យដែលជាអតីតសង្សាររបស់នារីរងគ្រោះ ធ្លាប់បាននិយាយគំរាមសម្លាប់មកកាន់នារីរងគ្រោះ និងក្រុមគ្រួសារថា មិនឱ្យរស់នៅបានសុខទ្បើយក្រោយសុំបែក ព្រោះដឹងថាខាងប្រុសមានប្រពន្ធហើយ។ ប្រភពបន្តថា ថ្ងៃកើតហតុជនសង្ស័យ បានជិះរថយន្តតាមពីក្រោយ ខណៈនោះជនរងគ្រោះ ក៏បានចុះពីទ្បានហើយជនសង្ស័យ ក៏បានលើកកាំភ្លើងបាញ់សម្លាប់ជាច្រើនគ្រាប់ រួចក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយដែរ តែយ៉ាងណា រឿងក្ដីឃាតកម្មនេះស្ថិតនៅក្នុងការស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ចនៅឡើយទេ គិតត្រឹមថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
សូមជម្រាបថា ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ៈ៣០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ករណីបាញ់សម្លាប់នេះបុរសខាងលើត្រូវបានគេស្គាល់ថា ជាមេធាវី រីឯនារីរងគ្រោះមានមុខរបរជាអ្នកលក់អនឡាញ។ ក្រោយកើតហេតុ ក្រុមគ្រួសារជនបង្ក បានសុំឱ្យរថយន្តសាម៉ុយបញ្ជូនជនបង្កទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ព្រោះនៅមានដង្ហើម តែជាអកុសល ជនបង្កបានស្លាប់នៅឯមន្ទីរពេទ្យ៕