សង្គម

ករណីឆេះក្បាលរថភ្លើងនៅខេត្តកំពត របួសអ្នកបើកបរម្នាក់

នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ បានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ មានរថភ្លើងមួយខ្សែ​ធ្វើ​ដំណើរ​ដឹកប្រេងឥន្ធនះពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ មកដល់ចំណុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ព្រំប្រទល់ស្រុកអង្គរជ័យ ខេត្ត​កំពត​ ក្បាលរថភ្លើងបានឆាបឆេះមិនដឹងមូលហេតុ។

បើតាមនាយកដ្ឋាន ករណីនេះ បានបណ្តាលឱ្យ​ខូចខាតក្បាលរថភ្លើងទាំងស្រុង ​ចំណែក​អ្នកបើកបរឈ្មោះ អួន វឿន ភេទ​ ប្រុស អាយុ​ ៦២​ ឆ្នាំ​ រស់​នៅរាជធានីភ្នំពេញ រងរបួសស្រាល។

ក្នុងនោះដែរ​ក្រោយពេលកើតហេតុ កម្លាំង​អធិការដ្ឋាននគរបាលស្រុកបន្ទាយមាស កម្លាំង​ប៉ុស្ត៍រដ្ឋបាលសំរោងលើ​ និង​កម្លាំង​អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ បានចុះជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន​ ០២​ គ្រឿង រថយន្ត​អគ្គិភ័យ​អធិការដ្ឋានស្រុកបន្ទាយមាសចំនួន ០១​ គ្រឿង និងរថយន្ត​អគ្គិភ័យ​អធិការដ្ឋានស្រុកអង្គរជ័យចំនួន​ ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ០៤ រថយន្ត​ ស្មើនឹង ២០ម៉ែត្រគូប៕