លោក យិន ពិសិដ្ឋ ចៅក្រម និងជាអនុប្រធានសាលា ដំបូងខេត្តឧត្តរមានជ័យរងការរិះគន់ពីប្រជាពលរដ្ឋ ៨គ្រួសារ រស់នៅភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យមានជ័យ ថា កាត់ក្ដីអយុត្តិធម៌ ពាក់ព័ន្ធនិងរឿងវិវាទដីធ្លី។ នៅថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋទាំង៨គ្រួសារ និងជំទប់ទី១ នៃសង្កាត់បន្សាយរាក់អំពាវនាវ ដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកកើត រិទ្ធី រដ្ឋមន្ត្រីក្រសួងយុត្ដិធម៌ជួយផ្ដល់យុត្តិធម៌ ជូនពួកគាត់ផង។
ប្រជាពលរដ្ឋទាំង៨គ្រួសារបានទិញដីគេននិងរស់នៅកាន់កាប់ អាស្រ័យផលអស់រយៈពេល ២៥ឆ្នាំហើយ បែរ ជាមានឈ្មោះ ពេទ្យ សុភត ចេញមុខមកប្ដឹងពួកគាត់ទៅតុលាការនៅអំឡុងឆ្នាំ២០២៣ដោយចោទថា ជាដីកេរ្តិ៍របស់ឪពុកម្ដាយចែកឲ្យ កាលអំឡុងឆ្នាំ១៩៧៩ និងខ្លួនបានកាន់កាប់ និងអាស្រ័យផលនៅឆ្នាំ១៩៨៣ បានកាន់កាប់បន្ត មានបងប្អូនចំនួន៣នាក់ នៅលើផ្ទៃដីទំហំ ៨៨.៥១២ម៉ែត្រការ៉េ ស្ថិតនៅភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ពលរដ្ឋទាំង៨គ្រួសារខាងលើថា បានទិញពីឈ្មោះ ពេទ្យ ធា និងឈ្មោះ ពេទ្យ សុភ័ក្រ្ដ ត្រូវជាបងដើមបណ្ដឹង នៅអំឡុងឆ្នាំ១៩៩៨ ដោយមានលិខិតស្នាមលក់ទិញដឹងលឺ ពីអាជ្ញាធរភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់ ដែលជាបងបង្កើតដើមបណ្ដឹង បានលក់ឲ្យ។ ពេលដែលបងរបស់ខ្លួន ជាអ្នកលក់បានស្លាប់ទៅ ក៏ចេញមុខ ឈ្មោះ ពេទ្យ សុភត ដែលអះអាងថាប្អូន ប្ដឹងទាមទាយកដីវិញទាំងអស់ថា ជាកេរ្តិ៍មរតកឳពុកម្ដាយ បានចែកឲ្យទាំងដែលគ្មានឯកសារលិខិតកាន់កាប់ និងគ្មានលិខិតបណ្ដាំ មរតក ក៏អាចឈ្នះក្ដីនៅសាលាដំបូងបានដែរ។ ទាំងនេះ ជាចម្ងល់របស់ប្រជាពលរដ្ឋ និងលោក ពិស រ៉ាពឿង ចៅ សង្កាត់រងទី១។
ចៅក្រមលោក យិន វិសិដ្ឋ បានកាត់ឲ្យដើមចោទឈ្នះក្ដី ដោយសំអាងហេតុ យោងតាមចម្លើយសាក្សី ដែលមានវត្តមាននាកាលបរិច្ឆេទ ទាញហេតុផលដោយផ្ទាល់មាត់ ឃើញថា ដីទំហំ ៨៨.៥១២ម៉ែត្រការ៉េ ដែលស្ថិតនៅភូមិទន្សាយរ៉ាក់ មានព្រំប្រទល់ ខាងកើតជាប់និងឈ្មោះ តែ ឡែម ខាងលិចជាប់និងផ្លូវ ខាងជើងជាប់និងឈ្មោះ អ៊ុំ អ៊ឹម ខាងត្បូងជាប់និងឈ្មោះ ម៉ាន ព្រៃ ដែលកំពុងកាន់ កាប់ ដោយចុងចម្លើយ ជាដីរបស់ឈ្មោះ ពេទ្យ ប៉ាក់ ដែលត្រូវជាឳពុករបស់ដើមចោទ ឈ្មោះ ពេទ្យ សុភត ពិតប្រាកដមែន។
តាមមាត្រា១១៥៦ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណីបាន ចែងថា កូនរបស់មរតកជន ត្រូវក្លាយជាសន្តតិជនទី១ ត្រង់ចំណុចនេះ បង្ហាញថា ដើមចោទឈ្មោះ ពេទ្យ សុភត គឺសន្តតិជន ដែលត្រូវទទួលបានសន្តតិកម្មពីឳពុក។ ចំពោះប្រាក់ប្រដាប់ក្ដី យោងតាមបញ្ញត្តិ មាត្រា៦៤ នៃក្រមនិតិវិធីរដ្ឋប្បវេណី គប្បីសម្រេចអោយសហចុងចម្លើយជាអ្នកទទួលបន្ទុក។ ប្រជាពលរដ្ឋទាំង៨គ្រួសារ បានប្ដឹងបន្ដទៅសាលាឧទ្ធរណ៍ សវនាការនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ តែខាងដើមចោទ និងមេធាវីដើម ចោទ អវត្តមាន ត្រូវបានលើកពេល។
ពលរដ្ឋទាំង៨គ្រួសារ និងអាជ្ញាធរសង្កាត់ទន្សាយរាក់ បានចាត់ទុកការកាត់ក្ដីរបស់លោក យិន វិសិដ្ឋ ចៅក្រម និងជាអនុប្រធានសាលាដំបូងខេត្តឧត្ដរមានជ័យ មានភាពអយុត្តិធម៌ ដែលពលរដ្ឋទាំងនោះបានកាន់កាប់អស់រយៈពេល ២៥ឆ្នាំ មានផ្ទះសំបែង មានផលដំណាំហូបផ្លែពាសពេញដី និងមានឯកសារលក់ទិញកាន់កាប់មានភូមិឃុំដឹងឮ ទទួលស្គាល់ បែរជាមកចាញ់ក្ដី អ្នកដែលប្ដឹងផ្ទាល់មាត់ មិនមានឯកសារអ្វីបន្ដិចមកធ្វើអំណះអំណាងផ្លូវច្បាប់ បែជាឈ្នះក្ដីទៅវិញ។
ទាំងពលរដ្ឋ,ទាំងអាជ្ញាធរទទូចដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងលោកកើត រិទ្ធី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តមប្រធានព្រះរាអាជ្ញាសាលាឧទ្ធរណ៍ខេត្ត បាត់ដំបង ជួយផ្ដល់យុត្តិធម៌ ជូនដល់ពួកគាត់ផង។
អ្នកនាំពាក្យសាលាដំបូងខេត្ដឧត្ដរមានជ័យបានបំភ្លឺថា រឿងពលរដ្ឋ និងជំទប់ទី១ សង្កាត់ទន្សាយរាក់ ស្រែកថា អយុតិធម៌ ក្រោយពេលលោកចៅក្រម យិន ពិសិដ្ឋ កាត់ឲ្យពលរដ្ឋ៨គ្រួសារចាញ់ក្ដី លោក ហែល ឆេងហុង អ្នក នាំពាក្យសាលាដំបូង បានឲ្យដឹងថា ការកាត់ក្ដីសំអាងទៅលើអង្គហេតុ និងអង្គច្បាប់ បើភាគីណាមួយមិនសុខចិត្ដ អាចប្ដឹងទៅស្ថាប័នច្បាប់ជាន់ខ្ពស់បាន៕