ព័ត៌មានជាតិ

រដ្ឋបាលជលផល​ហាមឃាត់​ការ​លែងប្រភេទត្រីពីក្រៅប្រទេស ចូលដែនទឹកធម្មជាតិ

នៅក្នុងសេចក្តីប្រកាស​ព័ត៌មាន​នៅថ្ងៃនេះ (២៥ មករា) រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមឃាត់ការលែងប្រភេទត្រីនិងវារីសត្វមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ ព្រោះប្រភេទទាំងនោះមួយចំនួនជាប្រភេទកាច និងស៊ីសាច់ជាអាហារ ដែលនឹងបង្កហានិភ័យដល់ប្រភេទមច្ឆជាតិក្នុងប្រទេសនិងប្រព័ន្ធអេកូឡូស៊ី។

រដ្ឋបាលជលផលបានលើកឡើងថា កន្លងទៅថ្មីៗនេះ មានបងប្អូន​ខ្លះបាន​លែង​ត្រីក្រៅប្រទេស​ចូល​ក្នុងដែនទឹកធម្មជាតិ ដែលសកម្មភាពនេះ អាចបង្កហានិភ័យ​ដល់មច្ឆជាតិក្នុងប្រទេស។ រដ្ឋបាលជលផលបញ្ជាក់ថា ប្រភេទត្រី ឬវារីសត្វដែលមានប្រភពពីក្រៅ​ប្រទេស​មួយ​ចំនួនជាប្រភេទកាច ស៊ីសាច់ជាអាហារ ឬសាយកូនលឿន ដូចនេះ​វានឹង​ស៊ីត្រីក្នុងធម្មជាតិ ដណ្តើម​ទីជម្រក ចម្លង​ជំងឺ ឬបង្ក​ឱ្យ​មានការ​ប្រែប្រួល​នូវ​ប្រព័ន្ធ​អេកូឡូស៊ី នៅ​ពេល​ដែល​ប្រភេទ​ត្រី ឬវារីសត្វ​ទាំងនោះមានវត្តមានកាន់​តែច្រើន​នៅ​ក្នុង​ដែនទឹកធម្មជាតិ។

បញ្ហានេះ រដ្ឋបាលជលផល​អំពាវនាវ​ដល់​បងប្អូន​ដែល​បាននិងកំពុង​ចិញ្ចឹម​ប្រភេទ​ត្រី ឬវារីសត្វដែល​នាំចូលពីក្រៅប្រទេស មេត្តាថែរក្សាឱ្យបានខ្ជាប់ខ្ជួន និង​ចៀសវាងលែង​ ឬធ្វេសប្រហែស​ឱ្យ​រួចចូល​ក្នុងដែនទឹក​ធម្មជាតិ។

ជាមួយគ្នានេះ រដ្ឋបាលជលផលលើកទឹកចិត្តឱ្យមានការលែងប្រភេទវារីសត្វនិងត្រីមេពូជដែលមានប្រភពនៅក្នុងស្រុក ដើម្បីបង្កើនវត្តមានឱ្យកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ៕