ក្រសួងរ៉ែនិងថាមពលបានប្រកាសមិនអនុញ្ញាតឲ្យមានសកម្មភាពបូមខ្សាច់ នៅតាមដងស្ទឹងពោធិ៍សាត់នោះទេ។ ប៉ុន្តែ ទិដ្ឋភាពជាក់ស្ដែងគឺសកម្មភាព នៃការបូមខ្សាច់កំពុងដំណើរការ នៅភូមិអូហេង ឃុំសំរោង និងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយប្រើរថយន្តកង់ដប់ធំៗដឹកខ្សាច់ចេញបន្តកន្ទុយគ្នា ដោយមិនខ្វល់អំពីបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនោះឡើយ។ ម្ចាស់ ការដ្ឋានបូមខ្សាច់ត្រូវអ្នកភូមិប្រាប់ថា មានឈ្មោះ ហួត បញ្ញាវុធ ហៅតាពងទា ឈ្មោះមុំ បូផាន់ ឈ្មោះតាហួត និងឈ្មោះតាជា ពួកគាត់គឺជាអ្នកដែលមានឥទ្ធិពលជាមួយលោកសេង ប៊ុនថុល ប្រធានមន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់។
នៅទីនោះសកម្មភាពបូមខ្សាច់ ត្រូវគេមើលឃើញថា បាននឹងកំពុងប្រព្រឹត្តទៅដោយខុសបទដ្ឋានបច្ចេកទេសផង និងបំពានសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនោះផង។ ករណីបូមខ្សាច់នៅគ្រប់ទីតាំងសូម្បី តែអភិបាលរងខេត្តពោធិ៍សាត់លោកងួន ប៉ោសេង ក៏អះអាងដែរថា មិនអនុញ្ញាតឲ្យមានការដ្ឋានបូមខ្សាច់នៅក្នុងដងស្ទឹងពោធិ៍សាត់ ក្នុងទឹកដីខេត្តពោធិ៍សាត់នោះឡើយ។ លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា បើតាមការបញ្ជាក់បន្ថែមថា លោកបានចារលើសេចក្តីប្រកាសរបស់ក្រសួងរ៉ែ នឹងបានអញ្ជើញលោក ប្រធានមន្ទីរ៉ែ និងអនុប្រធានរ៉ែ មកប្រជុំពាក់ព័ន្ធជាមួយនឹងការដាក់ម៉ាស៊ីនបូមខ្សាច់នៅតាមដងស្ទឹងពោធិ៍សាត់។តាមបទបញ្ជារបស់លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល គឺមិនអនុញ្ញាតឲ្យមានសកម្មភាព បូមខ្សាច់តាមស្ទឹងពោធិ៍សាត់នោះឡើយ។
ប៉ុន្តែអ្វីៗកំពុងដំណើរការទៅ ហាក់ដូចជាមានការរៀបចំជាប្រព័ន្ធរវាងអាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់ស្រុក និងស្ថាប័នជំនាញ នៃមន្ទីររ៉ែនិងថាមពលខេត្តពោធិ៍សាត់។ អភិបាលស្រុកភ្នំក្រវាញលោក ហេង សុភាណា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានឆ្លើយតបជាមួយអ្នកកាសែតថា នៅព្រឹកនេះ(២៤)ក្រុមការងារមន្ទីរ៉ែ និងថាមពលខេត្តពោធិ៍សាត់ នឹងចុះមកពិនិត្យរណ្ដៅដី និងការដ្ឋានបូមខ្សាច់ទាំងនោះហើយ។ ប៉ុន្តែ រហូតមកដល់រសៀលថ្ងៃទី២៤ខែមករានេះ មិនឃើញមានក្រុមការងារណាចុះទៅពិនិត្យមើលការដ្ឋានបូមខ្សាច់ ដូចការអះអាងរបស់លោកអភិបាលស្រុកនោះឡើយ។ ពោលគឺ ជាការឆ្លើយយករួចខ្លួន របស់លោកអភិបាលស្រុកភ្នំក្រវាញតែប៉ុណ្ណោះ។
បើតាមប្រភពឱ្យដឹងថា ខ្សាច់របស់លោកហួត បញ្ញាវុធហៅតាពងទា ឈ្មោះមុំ បូផាន់ ឈ្មោះតាជា និងឈ្មោះតាហួត មិនមែនត្រឹមតែផ្គត់ផ្គង់នៅក្នុងទឹកដីខេត្ត ពោធិ៍សាត់ប៉ុណ្ណោះទេ។ ប៉ុន្តែ គេអាចដឹកទៅចែកចាយដល់ខេត្តបាត់ដំបង,បន្ទាយមានជ័យនិងបណ្ដាខេត្តភាគពាយព្យមួយចំនួនទៀត។ ក្រុមឈ្មួញទាំងនេះត្រូវគេប្រាប់ថាជាអ្នកមានឥទ្ធិពលខ្លាំង នៅក្នុងចំណោមថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ជាពិសេសជាមួយប្រធានមន្ទីររ៉ែ និងថាមពលនោះតែម្ដង។ ហេតុដូច្នេះហើយ បានជាសកម្មភាពបូមខ្សាច់នៅខេត្តពោធិ៍សាត់នៅតែបន្ត បើទោះបីជាមានការហាមឃាត់ ដោយរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលក៏ដោយ។ គេថា ឈ្មួញហួត បញ្ញាវុធ ហៅតាផងទា មានឥទ្ធិពលខ្លាំងណាស់។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកសេង ប៊ុនថុលប្រធានមន្ទីររ៉ែ និងថាមពល ខេត្តពោធិ៍សាត់ ពេញចិត្តមេឌាមិនអាចសុំការបំភ្លឺបានទេ ដោយទូរសព្ទចូលជាង១០ដង មិនមានអ្នកទទួល។
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299