បែកធ្លាយព័ត៌មានពីច្រកព្រំដែនកម្ពុជា, វៀតណាមស្រុកព្រះស្ដេចថា លោកវសេនីយ៍ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាល ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ស្ថិតក្នុងស្រុកព្រះស្ដេចខេត្តព្រៃវែង បាននិងកំពុងប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ តាមរយៈការប្រើដៃជើងរបស់ខ្លួន ឱ្យដើរប្រមូលយកលុយពីរថយន្តដឹកស្រូវ ក្នុង១ជើងៗចំនួន៣ម៉ឺនរៀលជាកំហិតនិងគាបយកលុយពី ជនជាតិវៀតណាម ដែលចូលមកលេងល្បែង នៅកាស៊ីណូ ក្នុងម្នាក់ៗ ចាប់ពី៣០ម៉ឺនដុងទៅ៥០ម៉ឺនដុងដោយមិនលើក លែងម្នាក់ណាឡើយ។ ក្រោមរូបភាពធ្មេចភ្នែក,បើកភ្លើង ខៀវ ឱ្យមេខ្យល់ នាំជនជាតិវៀតណាម ជិៈទូកវាងច្រកទ្វារព្រំដែន ដើម្បីចេញ,ចូលឆ្លងដែន មកលេងល្បែងក្នុងកាស៊ីណូ ដោយពុំមានការត្រួតពិនិត្យ លើលិខិតស្នាម ឬប៉ាស្ព័រ!។
អាជីវករម្នាក់ បានលើកឡើងថា ជារៀងរាល់លើក ដែលខ្លួនដឹកស្រូវ ទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែងគឺត្រូវបង់លុយឱ្យមន្ត្រីនគរបាលប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ចនួន៣ម៉ឺនរៀលជាកំហិតនិងបង់ឱ្យចំណតចំនួន១០.០០០រៀលទៀត សរុប១ជើងបង់អស់ ៤០.០០០រៀល។ អាជីវករបន្តថា មិនមែនតែខ្លួនទេ ដែលត្រូវបង់លុយឱ្យប៉ូលិសស្រព្រំដែននោះ ពោលគឺអាជីវករឯទៀតៗ ក៏ត្រូវបង់លុយឱ្យនគរបាលព្រំដែន ដូចគ្នានឹងរូបគាត់ដែរដោយគ្មាននរណាម្នាក់ អាចគេចផុតពីការបង់លុយនោះឡើយ។ ប្រភពនេះបានបន្ថែមថាខណៈ១ថ្ងៃៗមាន រថយន្តដឹកស្រូវ រាប់សិបគ្រឿង បានដឹកជញ្ជូនស្រូវ ពីបណ្ដាខេត្តនានា ដើម្បីយកមកលក់ឱ្យឈ្មួញវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ យ៉ាងគគ្រឹកគគ្រេង ។
មន្ត្រីនគរបាលក្រោមឱវាទ នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បានបង្ហើបថា មេកើយរបស់ខ្លួនគឺ លោក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បានប្រើជនស៊ីវិលឈ្មោះ ណាង ឱ្យដើរប្រមូលលុយចូលហោប៉ាវ តាមរយៈលោក យិន ឡងឌី នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។ ប្រភពបន្តថា បណ្តាជនជាតិវៀតណាម ដែលចូលមកលេងល្បែងក្នុងកាស៊ីណូ នៅក្បែរច្រកទ្វារព្រំដែន គឺត្រូវបង់លុយឱ្យ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី យ៉ាងទៀងទាត់ ទើបអាចជិៈទូកឆ្លងដែន វាងច្រកទ្វារ មកលេងល្បែងដោយសេរីបាន។
សេចក្ដីរាយការណ៍បន្ថែមថា សម្រាប់ជនជាតិវៀតណាម ដែលរស់នៅក្បែរព្រំដែន ហើយចូលមកលេងល្បែង នៅ ក្នុងទឹកដីខ្មែរគឺត្រូវបង់លុយឱ្យនគរបាលច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី ក្នុងម្នាក់ៗចាប់ពី១០ម៉ឺនដុង ទៅ ២០ម៉ឺនដុង។ ក្នុងនោះ បើជនជាតិវៀតណាម ដែលនៅឆ្ងាយពីព្រំដែន ឬខេត្តផ្សេងៗ ហើយឆ្លងដែនមកលេងល្បែងនៅកាស៊ីណូលើដីខ្មែរ ក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែងគឺត្រូវបង់លុយអស់ចាប់ពី៣០ម៉ឺនដុងទៅ៥០ម៉ឺនដុងក្នុងម្នាក់ៗ ទើបពួកគេអាចជិៈទូក ចេញ,ចូលឆ្លងដែនពីវៀតណាមមកកម្ពុជា និងពីកម្ពុជាទៅវៀតណាម ដោយវាងច្រកទ្វារព្រំដែន បានយ៉ាងរលូនរាល់ថ្ងៃ។ ក្នុងនោះ មានមេខ្យល់ជាអ្នកដឹកនាំ និងប្រមូលលុយមកប្រគល់ឱ្យ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។
ក្រុមអាជីវករអ្នកទិញស្រូវពីកសិករ រួចដឹកជញ្ជូនមកលក់ឱ្យឈ្មួញវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីសូមស្នើយ៉ាងទទូចដល់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ មេត្តាចាត់វិធានការទប់ស្កាត់កុំឱ្យមានការយកលុយពីរថយន្តដឹកស្រូវតទៅទៀត និងសូមឱ្យស្រាវជ្រាវពីភាពមិនប្រក្រតី ចំពោះការចេញ-ចូលព្រំដែន រួមនិងការដឹកទំនិញបន្លែ ផ្លែឈើ ត្រីសាច់ ដែលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ៕
ដោយ: សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299