មិនដឹងថា ជាគោលការណ៍ក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ឬក៏គោល ការណ៍របស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិឬយ៉ាងណានោះទេ បានជានៅក្នុងខេត្ត មណ្ឌលគិរី មានកម្លាំងនគរបាលសេដ្ឋកិច្ចក្រសួងមហា ផ្ទៃផង និងនគរបាលថ្នាក់ជាតិផង ដាក់កុងត្រូលជជុះចាំយកលុយពីរថយន្តដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។ អ្វីដែលពិសេសជាងនេះទៅទៀតគឺមន្ត្រីនគរបាល ទាំងពីរជំនាញនេះ គ្មានលិខិតបេសកកម្មចេញដោយអគ្គស្នង ការនគរបាលជាតិ ឬប្រធានរបស់ខ្លួននោះឡើយ។
ប្រភពរាយការណ៍ថា លោកយូរ ប៊ុនស្រៀង នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងសហការីម្នាក់ឈ្មោះទីន វាសនា និងនគរបាលថ្នាក់ជាតិ ដែលប្រចាំការនៅខេត្ត មណ្ឌលគិរីឈ្មោះលោកស្រ៊ុននិងកូនបង្កើតម្នាក់ ដែលពួកគេទាំង៤នាក់ កំពុងធ្វើសកម្មភាពព្យុះភ្លៀងនៅក្នុងទឹកដីខេត្តមណ្ឌលគិរីតាមអំពើចិត្ត។ ប្រភពរាយការណ៍ថា នៅលើទីតាំងដដែល នៃច្រកចេញពីខេត្តមណ្ឌលគិរី រថយន្តរបស់លោក យូរ ប៊ុនស្រ៊ៀង បានបែរក្បាលចេញជាស្រេចសំដៅផ្លូវ ចាំដេញរថយន្តទាំងឡាយណា ដែលដឹកទំនិញឬគ្រឿងសង្ហារឹម ក៏ដូចជាទ្វារបង្អួចបន្តិចបន្តួច មិនបង់ប្រាក់ឲ្យខ្លួន។ នៅទីនោះគឺមានលោកទីន វាសនា និងកូនប្រុសលោកស្រ៊ុន ប្រចាំការដើម្បីទទួលប្រាក់ពីរថយន្តដឹកទំនិញទាំងឡាយ។លោកទីន វាសនា ដែលមាន ផ្ទះនៅឯស្រុកកែវសីមា ជួនកាល ទូរសព្ទឱ្យឈ្មួញយកលុយឲ្យខ្លួនដល់ផ្ទះទៀតផង។
ក្រុមអ្នកដឹកទ្វារបង្អួចនិងគ្រឿងសង្ហារឹមត្រូវចុះយកលុយទៅបង់ជូនលោកទិន វាសនា និងកូនប្រុសលោកស្រ៊ុន ក្នុង១ជើង២ម៉ឺនរៀល។ ប្រសិនបើមិនបង់ទេ រថយន្តរបស់លោកយូរ ប៊ុនស្រ៊ៀង មុខជាត្រូវចេញក្បួនប្រដេញហើយទារលុយច្រើនធ្វើដង ពីអ្នកដឹកជញ្ជូនទំនិញរកស៊ីទាំងនោះ។ ទង្វើរបស់ពួកគេ បានធ្វើឡើងជាចំហដោយគ្មានខ្លាចញញើតអាជ្ញាធរខេត្តមណ្ឌលគិរីអ្វីឡើយ។ ជាងនេះទៅទៀតលោកថង សាវុន អភិបាលខេត្តមណ្ឌលគិរីក៏ធ្លាប់ដាក់បទបញ្ជាឲ្យអាជ្ញាធរក្រុង មើលចំពោះទង្វើមន្ត្រីនគរបាលសេដ្ឋកិច្ច(ក្រុមលោកយូរ ប៊ុនស្រៀង)ដាក់ប៉ុស្តិ៍នៅច្រកចេញទីរួមខេត្តនោះដែរ។ ប៉ុន្តែ នៅតែមិនអាចធ្វើអ្វីក្រុមលោកយូរ ប៊ុនស្រ៊ៀង បានដដែល ហើយរហូតមកដល់ពេលនេះ បើទោះបីជាក្រុមលោកយូរ ប៊ុនស្រៀង និងលោកស្រ៊ុន គ្មានលិខិតបេសកកម្មក៏ពួកគេនៅតែអាចដាក់កុងត្រូលជាចំហ យកលុយបានដោយងាយស្រួលដដែល។
ប្រភពរាយការណ៍ថា ទាំងលោកស្រៀង និងលោកស្រ៊ុន ក៏ដូចជាសហការីរៀងៗខ្លួន នៃពួកគេបានដើរនិយាយថា ពួកគេមិនញញើតអ្វីនោះទេ ពីព្រោះក្នុងនាមនគរបាលសេដ្ឋកិច្ច(ស្រៀង) ក៏ដូចជានគរបាលថ្នាក់ជាតិ (ស្រ៊ុន) មិនមែនលេបតែពួកគេ២នាក់នេះទេ ពោលគឺលុយដែលបានពីការដាក់កុងត្រូលជជុះ និងយកពីបទល្មើសនានានោះ ពួកគេបានចែករំលែកឲ្យមេៗថ្នាក់លើនោះដែរ។ គេមិនដឹងថា តើទាំងលោកយូរ ប៊ុនស្រៀង និងលោកស្រ៊ុន ទទួលបទបញ្ជាផ្ទាល់មាត់ ពីឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឬក៏នាយឧត្តមសេនីយ៍ ស ថេត យ៉ាងណានោះទេបានជាពួកគេហ៊ានប្រព្រឹត្តអំពើមិនគប្បីជាចំហរ យ៉ាង នេះ?។ ចំណុចនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ក៏ដូចជាអគ្គស្នងការនគរបស់ជាតិទំនាយឧត្តមសេនីយ៍ស ថេត គួរបំភ្លឺជូនសាធារណៈជនបានជ្រាបផង។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ស សុខា បានវះកាត់សាច់ស្អុយជាច្រើន តាមរយៈការដកដំណែង, បណ្ដេញចេញពីក្របខ័ណ្ឌ និងទម្លាក់បុណ្យសក្តិជាដើម ចំពោះមន្ត្រីខិលខូចមួយចំនួនកន្លងមកហើយ។ ប៉ុន្តែសម្រាប់លោកយូរ ប៊ុនស្រៀង,សហការីទីន វាសនា និងលោកស្រ៊ុន និងកូន….ធ្លាប់មានរឿងអាស្រូវជាយូរមក ហើយ មានទាំងភស្តុតាងក្រដាសវេរលុយវិងទៀតផង។ប៉ុន្តែមកដល់ពេលនេះ នៅតែមិនអាចធ្វើអ្វីលោកស្រៀង និងលោកស្រ៊ុន បានដដែល។ ពួកគេទាំងពីរនាក់ ត្រូវអ្នករកស៊ីដឹកជញ្ជូនទំនិញកសិផលបន្តិចបន្តួច ចេញពីទឹកដីខេត្ត មណ្ឌលគិរីនិយាយថា ពួកគេជានគរបាលមានឥទ្ធិពលខ្លាំងណាស់ សូម្បីតែឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីស សុខា ក៏មិនញញើតនោះដែរ។ មិនញញើត,មិនខ្លាច ក៏ព្រោះតែពួកគេទាំង៤នាក់ ប្រព្រឹត្តអំពើផ្ដេសផ្ដាសបំពានច្បាប់ប្រទេសមដោយគ្មានលិខិតបញ្ជាបេសកកម្មអ្វីឡើយ បើទោះបីជាក្រសួង មហាផ្ទៃធ្លាប់បានកោះហៅពួកគេ ទៅសួរនាំរឿងប្រព្រឹត្តអំពើផ្ដេសផ្ដាសបង្កើតកុងត្រូលទៅជជុះនៅខេត្តមណ្ឌល គិរីរួចម្ដងមកហើយក៏ដោយ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010940732/061881299