ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពច្រាំងទន្លេបាក់ស្រុត នៅស្រុកស្ទឹងត្រង់ 

 អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ នេះ បានអញ្ជើញដឹកនាំក្រុមការងារខេត្ត សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីជំនាញពាក់ព័ន្ធ ចុះជួប សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យមើលស្ថានភាពច្រាំងទន្លេបាក់ស្រុត ដែលធ្វើឲ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណជា ៤០ គ្រួសារ រស់នៅតាមបណ្ដោយដងទន្លេមេគង្គ ក្នុងឃុំចំនួន៤ នៃស្ទឹងត្រង់ និងបានង្ករការប៉ះពាល់ដល់ផ្លូវបេតុង និងផ្លូវកៅស៊ូ ជាច្រើនកន្លែងផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ឃុំដែលរងផលប៉ះពាល់ដោយសារបាក់ច្រាំងទន្លេនេះ មានដូចជា ៖ ឃុំព្រែកកក់ ឃុំពាមកោះស្នា ឃុំព្រះអណ្ដូង និងឃុំខ្ពបតាងួន ដែលសរុបប្រវែងច្រាំងទន្លេបាក់ស្រុតនោះ ប្រមាណជាង ១,០០០ ម៉ែត្រ ក្នុងនោះ ឃុំដែលរងការខូចខាតធ្ងន់ធ្ងរ គឺឃុំព្រែកកក់ ដែលអាចប្រឈមនឹងការកាត់ផ្តាច់ផ្លូវបេតុង ធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិមិនអាចធ្វើដំណើរបាន ។

ដោយឡែកនៅក្នុងឃុំព្រះអណ្ដូង បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដែរ ប្រវែងប្រហែលជា ១០០ ម៉ែត្រ និងឃុំ ខ្ពបតាងួន ប្រវែងជាង ១០០ ម៉ែត្រផងដែរ ដែលអាចប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ និងផ្លូវបេតុង។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្រុមការងារដែលបានចុះពិនិត្យស្ថានភាពបាក់ច្រាំងទន្លេនោះ មានអាជ្ញាធរខេត្ត និងលោកអគ្គនាយកបច្ចេកទេស តំណាងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការសិក្សាលើបញ្ហានោះ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសុំគោលការណ៍ ពីលោករដ្ឋមន្ត្រីក្រសួងធនធានទឹក ពិនិត្យមើលលទ្ធភាព នៃការជួសជុល ស្ដារឡើងវិញច្រាំងដែលបានបាក់នោះជាបន្ទាន់តែម្តង ៕