ព័ត៌មានជាតិ

ត្រីប្រហុកចាប់ផ្តើមត្រូវខ្លាំងនៅសប្តាហ៍នេះ

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងបន្ថែមដល់សាធារណជន ក៏ដូចជាបងប្អូនប្រជានេសាទថាសប្តាហ៍ទី៣ នៃខែមករានេះការនេសាទត្រីនឹចាប់ផ្តើមត្រូវខ្លាំងតាមដងទន្លេសាបនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។

តាមការសង្កេតក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ បន្ទាប់ពីខ្នើតខែមិគសិរ កន្លងមកនេះត្រីនៅតែបន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ ករណីមេឃ ស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀងតាមដងទន្លេសាប ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១មករា នៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល និងរាជធានីភ្នំពេញ អំណោយផលដល់ការធ្វើនេសាទបានត្រីច្រើនជាពិសេសគន្លងដោយត្រី។ ហេតុនេះរដ្ឋបាលជលផលអំពាវនាវដល់ ពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី ត្រូវរួសរាន់ទៅទិញត្រី តាមពេលវេលា និងទីកន្លែង។ ទន្ទឹមគ្នានេះរដ្ឋបាលជលផលសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ សម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីឱ្យបានរលូនតាមការគួរ។

គួររំឭកថា រដ្ឋបាលជលផលធ្លាប់បានប្រកាសពីរដូវបើកនេសាទត្រីប្រហុក-ផ្អកម្ដងរួចមកហើយពោលគឺកាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដោយកាលនោះ ពលរដ្ឋនេសាទត្រូវខ្លាំងក្នុងភូមិសាស្ត្រាខេត្តកណ្តាល និងរាជធានីភ្នំពេញដូចគ្នា។ ព្រមជាមួយគ្នានោះរដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានសាទរចំពោះផលត្រីដែលមានការកើនឡើងជាងឆ្នាំមុនចំនួន ៥ភាគរយផងដែរ៕