សង្គម

សមត្ថកិច្ចឃាត់ខ្លួនបុរស ២នាក់ពាក់ព័ន្ធប្រើអំពើហិង្សាលើយុវជនលក់កូនសត្វអណ្តើក

សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាចំនួន ២នាក់ ដែលពាក់ព័ន្ធប្រើអំពើហិង្សាលើយុវជនម្នាក់ដែលដើរលក់កូនសត្វអណ្តើកនៅកសិន្ទមុខប្រាសាទអង្គរវត្ត ដើម្បីបន្តអនុវត្តនីតិវិធី។ នេះបើតាមព័ត៌មានផ្សាយដោយស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ស្នងការបានសរសេរដូច្នេះថា៖ «មានកិត្តិយសសូមគោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា៖ នាពេលកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើយុវជនដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធី»។

ក្រោយមានការចែកចាយព្រោងព្រាតនូវវីដេអូបុរសម្នាក់ដែលជាបុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាចុះមកហាមឃាត់ និងទះកំភ្លៀងលើកុមារដើរលក់កូនសត្វអណ្តើកម្នាក់នៅបរិវេណកសិន្ទអង្គរវត្តកាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាបានកោះហៅបុគ្គលិករូបនោះមកសាកសួរ និងសម្រេចដាក់ពិន័យរដ្ឋបាល៕