សង្គម

ករណីមន្រ្តីអាជ្ញាធរអប្សរាវាយកុមារនៅមុខអង្គរ អង្គភាពឱ្យជនបង្កសុំទោសនិងដាក់ពិន័យរដ្ឋបាល

ក្រោយមានវីដេអូចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីសកម្មភាពប្រើប្រាស់ហិង្សាវាយទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័តមួយរូប ដោយកម្លាំងសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា នៅបរិវេណកសិន្នអង្គរវត្ត ពេលនេះអាជ្ញាធរជាតិអប្សរាបានសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា បុគ្គលរូបនោះតម្រូវឱ្យសុំទោសកុមារ អាណាព្យាបាលកុមារ និងត្រូវដាក់ពិន័យរដ្ឋបាលផងដែរ។

អាជ្ញាធរជាតិអប្សរា​​អះអាងថា ខ្លួនបានរៀបចំកិច្ចប្រជុំមួយជាបន្ទាន់ដោយបានហៅបុគ្គលិកនោះ មកសួរនាំអំពីមូលហេតុ។ ក្រោយសួរនាំរួច អាជ្ញាធរជាតិអប្សរាបានសម្រេចដាក់ពិន័យរដ្ឋបាល និងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចសន្យាទទួលស្គាល់កំហុស បញ្ឈប់សកម្មភាពហិង្សាបែបនេះទៀត។ ក្នុងករណី មិនរាងចាលនឹងត្រូវបណ្តេញចេញពីការងារ និងទទួលរងទណ្ឌកម្មតាមផ្លូវច្បាប់ជាធរមាននានា។ ​​អាជ្ញាធរជាតិអប្សរា ក៏បានណែនាំឱ្យបុគ្គលិករូបនេះ ទៅសុំទោសឪពុក ម្តាយ និងកុមារដោយផ្ទាល់ផងដែរ។​​

អាជ្ញាធរអប្សរា​​បានឱ្យដឹងបន្ត អង្គភាពខ្លួនមិនគាំទ្រនិងមិនអាចទទួលយកបានជាដាច់ខាត នូវរាល់ការប្រើប្រាស់ អំពើហិង្សាក្នុងការអនុវត្តការងារ ដែលធ្វើឱ្យប៉ះពាល់ដល់វិន័យ សីលធម៌ និងគុណធម៌ ដែលមានជាធរមានក្នុងលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល-បុគ្គលិកសាធារណៈ។ យ៉ាងណាមិញ មានការបញ្ចេញមតិជាហូរហែចំពោះបញ្ហានេះ ពីសំណាក់អ្នកលេងបណ្តាញសង្គម។ ក្នុងនោះមានគណនីមួយ បានបញ្ចេញមតិនៅក្រោមសេចក្តីប្រកាសរបស់អាជ្ញាធរអប្សរាថា៖«បើវ៉ៃហើយសុំទោសដដែលៗ ចាំបាច់មានច្បាប់ធ្វើអី ចឹងអ្នកផ្សេងវ៉ៃគេដែរ រួចហើយសុំទោសបានដូចលោកអប្សរាហ្នឹងបានដែរអត់ សុំសួរមួយ»។